(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ម្នាក់ មកពីគណបក្សសាធារណរដ្ឋបានអះអាងថា លោកកំពុងត្រៀមរៀបចំសេចក្ដីព្រាងច្បាប់មួយ ដែលនឹងរារាំងក្រុមហ៊ុនចិនមួយចំនួន​ពីទីផ្សារហិរញ្ញវត្ថុអាមេរិក ប្រសិនបើជាពួកគេចូលរួមក្នុងការស៊ើបការណ៍សម្ងាត់, រំលោភសិទ្ធិមនុស្ស ឬគាំទ្រដល់យោធាចិន។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។

សមាជិកព្រឹទ្ធសភាលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះ ដែលទីភ្នាក់ងារ Reuters ទទួលបាន។ លោក Rubio ដែលជាអ្នកមាននយោបាយ​រឹងទទឹងចំពោះចិនបានឱ្យដឹងថា លោកមានផែនការរៀបចំសេចក្ដីព្រាងច្បាប់មួយ នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ២០ ដែលត្រូវបានចោទប្រកាន់ថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចិន។

សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ការធ្វើអាជីវកម្មរបស់គណបក្សកុម្មុយនិស្ដចិន នៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក បានបង្ហាញយ៉ាងច្បាស់ថាជា ហានិភ័យសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិក ដែលតម្រូវឱ្យយើងត្រូវចាត់វិធានការឆ្លើយតប... ដូច្នេះនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ខ្ញុំនឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ដែលនឹងរាំងខ្ទប់ក្រុមហ៊ុនទាំងនោះ ពីប្រតិបត្តិការក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមលុបចោល​ឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់អាមេរិក, ហាមឃាត់ ការនាំចេញបរិក្ខាយោធា និងរឹតត្បិតលើទីក្រុងហុងកុង ទទួលបានបច្ចេកវិទ្យាជឿនលឿនមួយចំនួនផងដែរ ជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិថ្មី៕