(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បាននិយាយថាវត្តមានខុសច្បាប់របស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី គួរតែបញ្ឈប់ជាបន្ទាន់ ខណៈភាពតានតឹង រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែមិនទាន់មានភាពធូរស្រាលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

លោក រូហានី ធ្វើការកត់សម្គាល់បែបនេះ កំឡុងកិច្ចសន្ទនាតាមវីដេអូខុនហ្វេរិនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ នៅថ្ងៃពុធនេះ។ ថ្លែងនាឱកាសនោះប្រធានាធិបតីអ៉ីរ៉ង់រូបនេះ បានអះអាងថាទីក្រុងតេហេរ៉ង់ នឹងបន្តគាំទ្រដល់រដ្ឋាភិបាលស្របច្បាប់ស៊ីរី ស្របពេលលោក ពូទីន បានបញ្ជាក់ពី ភាពចាំបាច់នៃកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមស៊ីវិលស៊ីរី។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍រួម រុស្ស៊ី តួកគី និងអ៉ីរ៉ង់ ក៏បានឯកភាពគ្នាផងដែរថាសង្រ្គាមស៊ីរី មិនអាចបញ្ចប់ដោយដំណោះស្រាយយោធានោះទេ តែវាត្រូវការ ការផ្សះផ្សាគ្នាតាមរយៈដំណោះស្រាយនយោបាយ។ ប្រទេសទាំងបី យល់ព្រមបើកកិច្ចប្រជុំកំពូលត្រីភាគីថ្មីមួយទៀតស្ដីពីស៊ីរី ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសអ៉ីរ៉ង់ ប៉ុន្តែ មិនបានបញ្ជាក់ពីកាលបរិច្ឆេទឡើយ ដោយគ្រាន់តែឱ្យដឹងថាកិច្ចប្រជុំនឹងធ្វើឡើងនៅពេលវេលាសក្តិសមណាមួយ៕