(អ៉ីស្លាម៉ាបាដ)៖ កងទ័ពប៉ាគីស្ថានបានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ក្មេងប្រុសម្នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ ពីសំណាក់កងទ័ពឥណ្ឌា នៅខ្សែបន្ទាត់ព្រំដែន (Line of Control) ក្នុងតំបន់ជម្លោះកាស្មៀរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថាន បានបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារម្សិលមិញ ទាហានឥណ្ឌាបានបំពានលើបទឈប់បាញ់ ដោយ ប្រើកាំភ្លើងធំ កាំភ្លើងត្បាល់ និងអាវុធធ្ងន់ធ្ងន់ សំដៅលើប្រជាជនស៉ីវិល នៅចំណុច Lipa តាមបណ្តោយព្រំដែន LoC ដែលជាហេតុ ធ្វើឱ្យក្មេងប្រុសម្នាក់បាត់បង់ជិវិត។ រីឯខាងកងទ័ពប៉ាគីស្ថាន ក៏បានបាញ់វាយប្រហារបកវិញយ៉ាងចាស់ដៃភ្លាមៗផងដែរ។

តាំងតែពីឆ្នាំ២០០៣មកម្ល៉េះ ប៉ាគីស្ថាននិងឥណ្ឌាបានប្រកាសបទឈប់បាញ់នៅតាមបណ្តោយខ្សែបន្ទាត់ LoC ដែលជាព្រំប្រទល់មិនផ្លូវការ រវាងប្រទេសទាំងពីរ នៅក្នុងតំបន់ជម្លោះកាស្មៀរ។ ទោះជាយ៉ាងណានេះក្តី ជារឿយៗភាគីទាំងពីរបានបាញ់តតបគ្នាទៅវិញទៅមក ដោយ ចោទថា ម្ខាងៗបានរំលោភលើបទឈប់បាញ់។។

ភាពតានតឹងកាន់តែឡើងកម្តៅខ្លាំងថែមទៀត បន្ទាប់ពីប្រទេសឥណ្ឌាបានលុបចោលស្វ័យភាពទាំងស្រុង សម្រាប់ចំណែកនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីខែសីហា ឆ្នាំ២០១៩។ ជាការឆ្លើយតប ប្រទេសប៉ាគីស្ថានបានកាត់បន្ថយទំនាក់ទំនងការទូត ហើយថែម ទាំងផ្អាកទំនាក់ទំនងពាណិជ្ជកម្ម ព្រមទាំងសេវារថភ្លើងជាមួយឥណ្ឌាទៀតផង។

គួរបញ្ជាក់ថា សម្រាប់ប៉ុន្មានថ្ងៃចុងក្រោយនេះវិញ ប៉ាគីស្ថាននិងឥណ្ឌា បានកើតមានបញ្ហាវិវាទការទូតជាមួយគ្នា បន្ទាប់ភាគីទាំងសងខាង ចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញបញ្ហាទាក់ទងទៅនឹងសមាជិកបេសកកម្មការទូតរបស់ទីក្រុងញូដេលី និងទីក្រុងអ៉ីស្លាម៉ាបាដ៕