(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតអ្នកតវ៉ាម្នាក់ ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ត្រូវប៉ូលិសហុងកុងចាប់ខ្លួន នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង ចំពេលដែលអាជ្ញាធរ ទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី ២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃបន្ទាប់ពីសភាចិន បានអនុម័តច្បាប់សន្តិសុខជាតិថ្មីដើម្បីដាក់ឲ្យប្រើប្រាស់ លើទីក្រុងស្វយ័តមួយនេះ៕

 

២៖ ក្រុមជំនាញនៃសហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩។

 

៣៖ នៅថ្ងៃពុធនេះ ទីក្រុងហុងកុងបានប្រារព្ធពិធីគម្រប់ខួប ២៣ឆ្នាំ នៃការប្រគល់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះ ទៅឲ្យចិនគ្រប់គ្រងវិញ ក្រោមវិធានការសន្ដិសុខដ៏តឹងរ៉ឹង។

 

៤៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានអំពាវនាវទៅកាន់ប្រទេសអ៊ីស្រាអែល ឲ្យបញ្ឈប់ជាបន្ទាន់នូវផែនការប៉ុនប៉ងលេបយកផ្នែកខ្លះ បន្ថែមទៀត នៃតំបន់ វែសត៍ប៊ែង (West Bank) របស់ប៉ាឡេស្ទីន។

 

៥៖ ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក ប្រេស៊ីលពេលនេះមានករណីឆ្លងជំងឺនេះកើនដល់ជាង ១.៤លាននាក់ហើយ ក្នុងនោះអ្នកស្លាប់មានសរុប ៥៩,៥៩៤នាក់។

 

៦៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានប្រកាសលទ្ធផលនៃការធ្វើតេស្តសាកល្បង លើយន្តហោះប៊ូអ៊ីងត្រកូល 737 MAX ហើយ ដោយយន្តហោះត្រកូលនេះ មិនទទួលជោគជ័យក្នុងការធ្វើតេស្តនោះឡើយ៕