(ប៉េកាំង)៖ ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង នឹងផ្ដល់ឱ្យទីក្រុងប៉េកាំង នូវអំណាចយុត្តាធិការមិនធ្លាប់មានពីមុនមក លើអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ ក្នុងរួមមានទាំងអំណាចបើកសវនាការជាសំងាត់ ដោយមិនចាំបាច់មានគណៈវិនិច្ឆ័យ ក៏ដូចជាបង្កើតទីភ្នាក់ងារសន្តិសុខជាតិថ្មីមួយជាដើម។ ច្បាប់នេះត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថ្កោលទោស និងព្រួយបារម្ភជាខ្លាំងថា វានឹងបំផ្លាញដល់សេរីភាពរបស់ទីក្រុងហុងកុង ប៉ុន្តែចិន និងរដ្ឋាភិបាលទីក្រុងហុងកុងច្រានចោលការព្រួយបារម្ភបែបនេះ ជាមួយការបញ្ជាក់ជាច្រើនលើកថា ច្បាប់នេះមានតែជួយពង្រឹងសណ្ដាប់ធ្នាប់ និងសន្តិសុខទៅវិញទេ។

ច្បាប់សន្តិសុខជាតិថ្មីដែលមាន ៦ជំពូក និង ៦៦មាត្រាខាងលើ បានចូលជាធរមានកាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយវាមានការដាក់ទោសទណ្ឌលើអ្នកបំពានច្បាប់នេះ ធ្ងន់ធ្ងរលើសការរំពឹងទុកទៅទៀត។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន ០៥ ដែលមានចែងនៅក្នុងច្បាប់នេះ៖

១៖ ទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត

ទោសឧក្រិដ្ឋទំាងបួនប្រភេទ ដែលមានចែងក្នុងច្បាប់សន្តិសុខជាតិថ្មីរួមមាន៖ សកម្មភាពបំបែករដ្ឋ, វិទ្ធង្សនាប្រឆាំងរដ្ឋអំណាច, ភេរវកម្ម និងគប់គិតជាមួយបរទេស ក៏ដូចជាកម្លាំងនៅខាងក្នុង បំផ្លាញដល់សន្តិសុខជាតិ។ នៅក្រោមច្បាប់ថ្មីនេះ មេគំនិត និងអ្នកប្រព្រឹត្តលើ្មសធ្ងន់ធ្ងរ អាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ឬជាប់ពន្ធនាគាររយៈពេលយូរបំផុត ១០ឆ្នាំ ឬក៏អាចច្រើនជាងនេះ សម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋទំាងបួនប្រភេទខាងលើ។

សកម្មភាពឧក្រិដ្ឋគប់គិតជាមួយបរទេស ក្នុងនោះរួមមានការញុះញង់ឱ្យប្រជាជនហុងកុង ស្អប់ខ្ពើមរដ្ឋាភិបាលចិន និងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងហុងកុង និងចិន ខណៈការបំផ្លិចបំផ្លាញការដឹកជញ្ជូនសាធារណៈ និងអគាររដ្ឋនានា នឹងត្រូវបានចាត់ទុកថា ជាសកម្មភាពភេរវកម្ម។ ចំណែកឯអ្នកទាំងឡាយណា ដែលបានរៀបចំ ឬចូលរួមក្នុងសកម្មភាពមានគោលដៅផ្ដាច់ខ្លួន ឬឧទ្ទាម ទោះបីជាប្រើ ឬមិនប្រើអំពើហិង្សាក៏ដោយ នឹងត្រូវបានចាប់ទុកថា ជាប្រព្រឹត្តទោសឧក្រិដ្ឋដូចគ្នា ហើយអ្នកដែលត្រូវបានកាត់ទោស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងការបោះឆ្នោតរបស់ទីក្រុងហុងកុងឡើយ។

២៖ អំណាចយុត្តាធិការរបស់ចិន លើបទឧក្រិដ្ឋធ្ងន់ធ្ងរ

នៅក្រោមច្បាប់សន្តិសុខជាតិថ្មី ចិនមានអំណាចយុត្តាធិការលូកដៃចូលទាំងស្រុងរាប់ចាប់ពីការឃាត់ខ្លួន រហូតដល់សវនាការ នៅក្នុងករណីសំណុំរឿងស្មុគស្មាញមាន ការជ្រៀតជ្រែកពីបរទេស, សំណុំរឿងមានស្ថានភាពធ្ងន់ធ្ងរ រួមទាំងសំណុំរឿងទាំងឡាយណា ដែលធ្វើឱ្យសន្តិសុខជាតិ ប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរ និងជាក់ស្ដែង។ ត្រង់ចំណុចនេះ ច្បាប់នេះបានចែងដូច្នេះថា «ទីភ្នាក់ងារសន្តិសុខជាតិចិន និងហុងកុង អាចស្នើបញ្ជូនសំណុំរឿងបន្តទៅកាន់ចិនដីគោក»

៣៖ សវនាការសំងាត់, គ្មានគណៈវិនិច្ឆ័យ

ច្បាប់សន្តិសុខជាតិថ្មី មានចែងថាសំណុំរឿងសន្តិសុខជាតិមួយចំនួន អាចនឹងត្រូវធ្វើឡើងដោយបិទទ្វារ ដោយមិនចាំបាច់មានគណៈវិនិច្ឆ័យ នៅក្នុងទីក្រុងហុងកុង បើសិនជាសំណុំរឿងទាំងនោះមានជាប់ពាក់ព័ន្ធកិច្ចការសំងាត់ជាតិ ទោះបីជាសាលក្រមត្រូវប្រកាសជាសាធារណៈក៏ដោយ។ មេដឹកនាំទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) នឹងតែងតាំងចៅក្រមកាន់សំណុំរឿងសន្តិសុខជាតិ ដោយមានអាណត្តិត្រឹមមួយឆ្នាំប៉ុណ្ណោះ រីឯជនជាប់ចោទនឹងមិនត្រូវបានអនុញ្ញាឱ្យនៅក្រៅឃុំឡើយ លើកលែងតែចៅក្រមមានហេតុផលគ្រប់គ្រាន់ជឿជាក់ថា ពួកគេនឹងមិនបន្តប្រព្រឹត្តសកម្មភាព ដែលបំផ្លាញដល់សន្តិសុខជាតិតទៅទៀត។

៤៖ ទីភ្នាក់ងារសន្តិសុខជាតិថ្មី

ច្បាប់សន្តិសុខជាតិថ្មី បានផ្ដល់អំណាចដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការបង្កើតទីភ្នាក់ងារសន្តិសុខជាតិថ្មីមួយ នៅក្នុងទីក្រុងហុងកុង ដោយមិនស្ថិតនៅក្រោមច្បាប់ក្នុងស្រុក នៅពេលពួកគេអនុវត្តតួនាទី ឬភារកិច្ចរបស់ពួកគេនោះទេ។ ច្បាប់នេះបានចែងត្រង់ចំណុចនេះដូច្នេះថា «រដ្ឋាភិបាលទីក្រុងហុងកុង គ្មានយុត្តាធិការលើ ទីភ្នាក់ងារសន្តិសុខជាតិថ្មី និងបុគ្គលិកទីភ្នាក់ងារមួយនេះ នៅក្នុងទីក្រុងហុងកុងនោះទេ នៅពេលពួកគេកំពុងអនុវត្តភារកិច្ច ឬតួនាទីដែលមានចែងនៅក្នុងច្បាប់នេះ»

ក្រសួងយុត្តិធម៌ទីក្រុងហុងកុង ក៏ត្រូវបានតម្រូវផងដែរដោយច្បាប់នេះ ឱ្យបង្កើតស្ថាប័នអយ្យការផ្ទាល់ខ្លួន ទទួលបន្ទុកសំណុំរឿងបទឧក្រិដ្ឋសន្តិសុខជាតិ ដែលមានប្រធានត្រូវបានតែងតាំងដោយលោកស្រី Carrie Lam។ ច្បាប់នេះនឹងផ្ដល់អំណាចដល់ប៉ូលិស ក្នុងការប្រមូលភស្ដុតតាង ក្នុងនោះរួមមានទាំងការដំឡើងឧបករណ៍ទំនាក់ទំនង និងស៊ើបការណ៍លើជនសង្ស័យ។ មិនតែប៉ុណ្ណោះ ប៉ូលិសថែមទាំងអាចស្នើសុំកម្មវិធី និងសេវាពីអ្នកផ្គត់ផ្គង់ដើម្បីលុបចោលព័ត៌មាន និងជួយដល់ការ ស៊ើបអង្កេតទៀតផង។

៥៖ ឃ្លាំមើលលើអង្គការ NGO បរទេស និងអង្គការថ្មីថ្មោង

បើតាមច្បាប់សន្តិសុខជាតិថ្មី ស្ថាប័នរបស់រដ្ឋាភិបាលទីក្រុងហុងកុង នឹងចាត់វិធានការចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង... អង្គការ NGO បរទេស និងអង្គការថ្មីថ្មោង នៅក្នុងទីក្រុងហុងកុង។ ច្បាប់នេះក៏នឹងអនុវត្តផងដែរ លើប្រជាជនរស់នៅមិនអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ដូចមានចែងនៅក្រោមច្បាប់ថ្មីនេះ បើទោះជាពួកគេមិនមែនរស់នៅ លើទឹកដីហុងកុងក៏ដោយ។ ចំណែកឯក្រុមហ៊ុនទាំងឡាយណា ដែលរំលោភលើច្បាប់សន្តិសុខជាតិថ្មី នឹងត្រូវបានពិន័យ ឬអាចនឹងត្រូវផ្អាកអាជីវកម្មតែម្ដង៕

ប្រភព៖ CNA (ថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០)