(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានប្រកាសលទ្ធផលនៃការធ្វើតេស្តសាកល្បង លើយន្តហោះប៊ូអ៊ីងត្រកូល 737 MAX ហើយ ដោយយន្តហោះត្រកូលនេះ មិនទទួលជោគជ័យក្នុងការធ្វើតេស្តនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

មូលហេតុនៃការបរាជ័យនេះ ត្រូវបានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ Boeing បានបរាជ័យក្នុងការបញ្ជូនឯកសារទៅរដ្ឋបាល FAA ដែលត្រូវរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរចំនុចគន្លឹះ នៃប្រព័ន្ធបញ្ជាការហោះហើរស្វ័យប្រវត្តិរបស់ខ្លួន»

FAA បានសង្កត់ធ្ងន់ថា «ប្រព័ន្ធត្រួតពិនិត្យការហោះហើរស្វ័យប្រវត្តិ ដែលត្រូវបានគេស្គាល់ថា MCAS មិនមែនជាចំនុចសំខាន់ ដែលក្រុមហ៊ុនអាកាសចរណ៍ Boeing បានផ្តោតអារម្មណ៍។ ប៉ុន្តែបែរជាមកផ្តោតសំខាន់លើប្រព័ន្ធកាត់បន្ថយល្បឿន ដែលមានស្រាប់របស់យន្តហោះទៅវិញ ដែលនេះមិនមែនជាអ្វីដែលរដ្ឋបាល FAA ចង់បាននោះទេ»

គួរជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក បានចាប់ផ្តើមធ្វើការតេស្តសាកល្បងពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចសេចក្តីថា តើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញដែរឬទេ បន្ទាប់ពីបានបញ្ឈរជើងអស់ជាច្រើនខែកន្លងមកនេះ។ យន្តហោះប្រភេទ 737 MAX របស់ក្រុមហ៊ុនប៊ូអ៊ីងប្រមាណជាង ៨០០គ្រឿងត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោក ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ បន្ទាប់ពីក្រុមអ្នកអង្កេតការណ៍ បានរកឃើញថា មានកំហុសឆ្គងនៅលើប្រព័ន្ធ MCAS ដែលជាអ្នកទទួលខុសត្រូវ លើហេតុការណ៍ធ្លាក់យន្តហោះចំនួន ០២លើក និងបានសម្លាប់មនុស្សចំនួន ៣៤៦នាក់៕