(ហុងកុង)៖ ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង បានចូលជាធរមានកាលពីយប់ថ្ងៃអង្គារម្សិលមិញ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងការប្រារព្ធខួបលើកទី២៣ នៃការប្រគល់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះទៅឲ្យចិនវិញ ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០១ ខែកក្កដានេះ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។

ច្បាប់សន្តិសុខជាតិថ្មីដែលមាន៦ជំពូក និង៦៦មាត្រា បានចែងពីទោសឧក្រិដ្ឋបួនប្រភេទ ក្នុងនោះរួមមាន៖ «សកម្មភាពបំបែករដ្ឋ, វិទ្ធង្សនាប្រឆាំងរដ្ឋអំណាច, ភេរវកម្ម និងការ គប់គិតជាមួយបរទេស ក៏ដូចជាកម្លាំងនៅខាងក្នុងស្រុក បំផ្លាញដល់សន្តិសុខជាតិ។ នៅក្រោមច្បាប់ថ្មីនេះ មេគំនិត និងអ្នកប្រព្រឹត្តលើ្មសធ្ងន់ធ្ងរ អាចនឹងប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត ឬ ជាប់ពន្ធនាគាររយៈពេលយូរបំផុត១០ឆ្នាំ ឬក៏អាចច្រើនជាងនេះសម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋទំាងបួនប្រភេទខាងលើ។

ប្រទេសលោកខាងលិចមួយចំនួន ក្នុងនោះមានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រួមទាំងសហភាពអឺរ៉ុប បាននិយាយថាច្បាប់នេះនឹងបំផ្លាញដល់សេរីភាពរបស់ ប្រជាជននៅក្នុងទីក្រុងហុងកុង ហើយថែមទាំងព្រមានដែរថាទីក្រុងប៉េកាំង នឹងជួបផលវិបាក បើសិនជានៅតែជម្នះដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។ ក្រោយពី ច្បាប់ថ្មីនេះត្រូវបានអនុម័ត មិនបានប៉ុន្មានម៉ោងផង មេសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបង្ហាញពីភាពភ័យខ្លាច និងបានប្រកាសដកខ្លួនចេញពីសកម្មភាព នយោបាយ។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោនៅហុងកុង គឺលោក ចូសហ័រ វ៉ុង (Joshua Wong) បានសម្តែងចំណាប់អារម្មណ៍នៅក្រោយច្បាប់សន្តិសុខថ្មី នេះបានអនុម័តយ៉ាងខ្លីដូច្នេះថា៖ «ទីក្រុងហុងកុង ដែលពិភពលោកធ្លាប់ស្គាល់ពីមុនមក បានស្លាប់បាត់ទៅ»

តែទោះ ជាយ៉ាងនេះក្ដី ចិន និងរដ្ឋាភិបាលទីក្រុងហុងកុង នៅតែបញ្ជាក់ជំហរដដែលថា ច្បាប់នេះមានគោលដៅតែលើឧក្រិដ្ឋជនប៉ុណ្ណោះ ហើយវានឹងមិនធ្វើឱ្យប៉ះពាល់ អ្វីទាំងអស់ដល់សេរីភាពរបស់ប្រជាជនទីក្រុងហុងកុង។ ផ្ទុយទៅវិញ ច្បាប់នេះនឹងជួយពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់របស់ទីក្រុងហុងកុង ក៏ដូចជាគោលនយោបាយ «ប្រទេស មួយ ប្រព័ន្ធពីរ»។

ម្យ៉ាងវិញទៀត ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេសរបស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិននៅតែអនុម័តច្បាប់នេះដដែល។ តើហេតុអ្វីបានជាចិន ជម្នះដាក់ច្បាប់សន្តិសុខជាតិលើ ទីក្រុងហុងកុង ទាំងដែលដឹងថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចនឹង ចាត់វិធានការឆ្លើយ?

អ្នកនយោបាយហុងកុងគាំទ្រទីក្រុងប៉េកាំង និងទីប្រឹក្សាគោលនយោបាយចិនមួយចំនួន បានស្នើឱ្យបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះ ដើម្បីពង្រឹងច្បាប់ និងរក្សាសណ្ដាប់ធ្នាប់ ក៏ដូចជាទប់ស្កាត់កុំឱ្យបាតុកម្មតវ៉ា ដូចកាលពីឆ្នាំ២០១៩ ផ្ទុះឡើងជាថ្មីម្ដងទៀត។ ក៏ប៉ុន្តែ អ្នកជំនាញមួយចំនួនយល់ថា វត្ថុបំណងរបស់ចិនអាចមានច្រើនជាងនេះ នោះគឺចិន ចង់ឱ្យទីក្រុងហុងកុង ដូចទីក្រុងម៉ាកាវ។

ម៉ាកាវ ដែលជាអតីតដែនដីអាណានិគមព័រទុយហ្កាល់ និងបច្ចុប្បន្នជាតំបន់រដ្ឋបាលពិសេសរបស់ចិនដែរនោះ ក៏បានអនុម័តច្បាប់ សន្តិសុខជាតិស្រដៀងគ្នានេះទៅនឹងទីក្រុងហុងកុងផងដែរ កាលពីជាង១១ឆ្នាំមុន ប៉ុន្តែច្បាប់នេះមិនទាន់បានកាត់ទោសមនុស្សណាម្នាក់ទេ។ បែបនេះហើយ ចិនប្រហែលជា គ្រាន់តែចង់ប្រើប្រាស់ច្បាប់ថ្មី ដើម្បីកំញើញប្រជាជនហុងកុង និងទប់ស្កាត់កុំឱ្យមានចលនាទាមទារឯករាជ្យផ្ដាច់ទឹកដីចេញពីចិនតែប៉ុណ្ណោះ ជាជាងកាត់ទោសប្រជាជន ហុងកុងណាម្នាក់ នៅក្រោមច្បាប់សន្តិសុខថ្មី នាំឱ្យតែសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចរករឿង ឬដាក់ទណ្ឌកម្មដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ចិននៅលើ ឆាកអន្តរជាតិ។ ប៉ុន្តែ គេក៏មិនត្រូវភេ្លចដែរ បើសិនជាចាំបាច់បំផុត រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សានូវអ្វីដែលពួកគេ ហៅថាបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដូចដែលមានជាឧទាហរណ៍ស្រាប់ «Tiananmen ១៩៨៩»។

បន្ថែមពីលើនេះ បើតាមអតីតមន្ត្រីជាន់ខ្ពស់ទីក្រុងហុងកុង លោក Lau Siu-kai ការអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ក៏មានជាប់ពាក់ព័ន្ធនឹង សកម្មភាពរបស់សហរដ្ឋអាមេរិកផងដែរ។ ដ្បិត ជម្លោះនិងភាពតានតឹងកាន់ជ្រៅរវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្ន បានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិន មានការព្រួយបារម្ភរឹតតែខ្លាំងពីឥទ្ធិពលលោកខាងលិចលើទីក្រុងហុងកុង។

ជាក់ស្ដែង កាលពីកំឡុងបាតុកម្មតវ៉ារាប់ខែ ដឹកនាំដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៩ ក្រុមមន្ត្រីជាន់ខ្ពស់ចិនជាច្រើននាក់ បានចោទប្រកាន់ថាបាតុកម្ម នៅក្នុងទីក្រុងហុងកុង មានការចូលរួមពី «បាតដៃពណ៌ខ្មៅ» ដែលមានបំណងផ្ដួលរំលំគណបក្សកុម្មុយនិស្ដចិន។ លោក Lau Siu-kai បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ទីក្រុង ប៉េកាំងពិតជាការព្រួយបារម្ភខ្លាំងណាស់ ដោយខា្លចក្រែងទីក្រុងហុងកុង ត្រូវបានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមួយចំនួនប្រើប្រាស់ ជាមធ្យោបាយដើម្បី ទប់ស្កាត់ការរីកចម្រើនទៅមុខរបស់ចិន»

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងប្រគល់ទីក្រុងហុងកុងមកឱ្យចិនគ្រប់គ្រងវិញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ រវាងទីក្រុងប៉េកាំង និងអង់គ្លេស ចិនមិនទាន់មានអំណាច ពេញលេញលើទីក្រុងហុងកុងឡើយ ដោយត្រូវរង់ចាំរហូតទាល់តែ «គោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ» ត្រូវអស់សុពលភាពនៅឆ្នាំ២០៤៧ ទើបចិនមានអំណាច គ្រប់គ្រងទីក្រុងហុងកុងទាំងស្រុង៕

ប្រភព៖ New York Times (ថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០)