(ហុងកុង)៖ ទីបំផុតអ្នកតវ៉ាម្នាក់​​ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ត្រូវប៉ូលិសហុងកុងចាប់ខ្លួន នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង ចំពេលដែលអាជ្ញាធរទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី ២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃបន្ទាប់ពីសភាចិន​បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់លើទីក្រុងស្វយ័តមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Telegraph។

កាលពីព្រឹកថ្ងៃពុធនេះ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានលើកឡើងក្នុងពិធី​រំលឹកខួបឆ្នាំទី ២៣ នៃការប្រគល់ហុងកុងឲ្យចិនវិញថា​ ច្បាប់សន្តិសុខថ្មី ដែលសភាចិនទើបបានអនុម័តកាលពីថ្ងៃម្សិលមិញនេះ គឺជារបត់មួយ​ដើម្បីនាំហុងកុងចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ន និងដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងទីក្រុងនេះឡើងវិញ។

នៅថ្ងៃពុធនេះដែរ កងកម្លាំងប៉ូលិសហុងកុង​បានប្រើប្រាស់់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលវាជាលើកដំបូងហើយ​គិតចាប់តាំងពីច្បាប់សន្តិសុខជាតិថ្មី ត្រូវបានសភាចិនអនុម័តដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលិសហុងកុងបានគូសបញ្ជាក់ថា បុរសជាបាតុករខាងលើនេះ បានប្រើប្រាស់ទង់មួយ​មានសរសេរពាក្យថា «Hong Kong Independence ឬឯករាជ្យរបស់ហុងកុង» ដែលប្រាកដណាស់ថា ជាសញ្ញាបំពានទៅលើច្បាប់​ដែលបានចែង៕