(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានជូនដំណឹងឲ្យដឹងថា ប្រទេសរបស់ខ្លួនបានបើកស្តុក ដើម្បីចែកចាយថ្នាំរ៉េមដេស៊ីវា (remdesivir) ទៅតាមមន្ទីរពេទ្យនានាដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលថ្នាំទាំងអស់នេះត្រូវបានបរិច្ចាគ ដោយក្រមហ៊ុនឱសថអាមេរិកជីលីដ (Gilead Sciences) ហើយអាជ្ញាធរក៏គ្រោងនឹងជំរុញឲ្យមាន ការនាំចូលថ្នាំប្រភេទនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានគូសបញ្ជាក់យ៉ងដូច្នេះថា «អ្នកជំងឺដែលមានសិទ្ធិ​ក្នុងការទទួលបានថ្នាំនេះយកទៅព្យាបាល ត្រូវបានកំណត់ថា ជាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលដោយបំពាក់អុកស៊ីសែន»

KCDC បានបញ្ជាក់ទៀតថា ដំណាក់កាលដំបូងនៃថ្នាំរ៉េមដេស៊ីវា (remdesivir) នឹងបានមកពីការបរិច្ចាគរបស់ក្រមហ៊ុនឱសថអាមេរិក ជីលីដ (Gilead Sciences) រហូតដល់ខែកក្កដា ខណៈពេលដែលអាជ្ញាធរសុខាភិបាល​នឹងចរចារតម្លៃសម្រាប់ការផ្គត់ផ្គង់បន្តបន្ទាប់។

គួរជម្រាបថា Remdesivir ត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយ​ក្រុមហ៊ុនឱសថអាមេរិក ជីលីដ (Gilead Sciences) ហើយត្រូវបានគេពិនិត្យមើលឃើញ​នៅក្នុងការធ្វើតេស្ដថា អាចព្យាបាលអ្នកជំងឺ COVID-19 មួយចំនួនឲ្យជាសះស្បើយក្នុងរយៈពេលខ្លី។ រហូតមកទល់ពេលនេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងសរុប ១២,៨៥០ករណី ក្នុងនោះស្លាប់ ២៨២នាក់ និងជាសះស្បើយ ១១,៦១៣នាក់។ ទោះបីជាមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីៗ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ ក៏កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា នៅតែអាចគ្រប់គ្រង COVID-19 បានយ៉ាងល្អ៕