(តេហេរ៉ង់)៖ មនុស្ស ១៩នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្លីនិកមួយ ក្នុងភាគខាងជើងនៃរដ្ឋធានីតេហេរ៉ង់កាលពីថ្ងៃអង្គារ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ហ្វាស៍ (Fars) ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

អភិបាលរងក្រុងតេហេរ៉ង់លោក ហាមីដ រ៉េហ្សា ហ្គួដាហ្ស៊ី (Hamid Reza Goudarzi) ត្រូវបានសារព័ត៌មាន Fars ដកស្រង់សម្តីថា ការផ្ទុះនេះបានបណ្តាលមកពីការលេចធ្លាយឧស្ម័ន។

ក្រោយហេតុការណ៍នេះ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីការផ្ទុះច្រើនដង នៅភាគខាងជើងនៃទីក្រុងតេហេរ៉ង់ ហើយក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រើជណ្តើរដើម្បីចូលក្នុងអាគារ។ ទោះជាយ៉ាងណាក្តីទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យបានទេថា វាជាវីដេអូពិតប្រាកដ ១០០ភាគរយនោះ។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យ នៃទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះត្រូវបានពន្លត់ហើយ ខណៈមុនពេលកើតហេតុ គ្លីនិកនេះមានបុគ្គលិក ២៥នាក់ដែលកំពុងបំពេញកិច្ចការងារ។ ក្រោយការផ្ទុះនេះស្ត្រី ១០នាក់ និងបុរស ០៣នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្ស ០៦នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនក៏មានការផ្ទុះសដៀងគ្នានេះដែរ នៅជិតមូលដ្ឋានយោធាមួយ ដែលក្រោយមកត្រូវបានក្រសួងការពារជាតិអ៉ីរ៉ង់ចេញមុខបកស្រាយថា ជាការលេខធ្លាយបំពង់ឧស្ម័ននៅកន្លែងស្តុកហ្គាស ប៉ុន្តែមិនការរាយការណ៍ពីករណីស្លាប់ ឬរងរបួសឡើយ៕