(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះត្រូវបានដាក់ឈ្មោះថា «G4 virus» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានឱ្យដឹងទៀតថា G4 virus អាចចម្លងពីសត្វជ្រូកទៅមនុស្ស ប៉ុន្តែវាមានសក្ដានុពលអាចក្លាយទៅជាជំងឺឆ្លងរាតត្បាត សកលដែលអាចឆ្លងយ៉ាងងាយ ពីមនុស្សទៅមនុស្សនៅពេលអនាគត។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយសារតែ G4 virus ជាវីរុសប្រភេទថ្មី មនុស្សមានប្រព័ន្ធភាពសុំាតិច ឬមិនមានតែម្ដងប្រឆាំងនឹងវីរុសនេះទេ ដែលតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ហើយវិធានការគ្រប់គ្រង និងបង្ការនានា គួរតែត្រូវបានដាក់ឱ្យអនុវត្តនៅតាមរោងចក្រ ឬឧស្សាហកម្មពាក់ព័ន្ធនឹង សត្វជ្រូក។ ទោះជាយ៉ាងណា អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ថា មានករណីឆ្លងជំងឺនេះ លើមនុស្សនៅឡើយទេ៕