(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun បាននិយាយថា កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងមិនកើតឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

លោក Stephen Biegun ធ្វើការកត់សម្គាល់បែបនេះកំឡុងចូលរួមវេទិការមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ ប្រេសិតពិសេសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ត្រាំ និងលោក គីម ជុងអ៊ុន ទំនងជានឹងមិនកើតឡើងឡើយ នៅចន្លោះ ពេលបច្ចុប្បន្ន និងការបោះឆ្នោតប្រធានាធិបតីអាមេរិក»។ លោក Biegun បន្ថែមថាគោលបំណងចម្បងរបស់សហរដ្ឋអាមេរិកនៅតែដដែល នោះគឺការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង លោក Stephen Biegun នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល នៅដើមខែកក្កដា ខាងមុខនេះ ខណៈស្ថានការណ៍ នៅលើឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅខ្លាំង បន្ទាប់ពីកូរ៉េខាងជើង សម្រេចចិត្តបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង៕