(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហភាពអឺរ៉ុបបានបញ្ចេញបញ្ជីឈ្មោះ ប្រទេសចំនួន ១៤ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពី COVID-19 ដោយប្រជាជនរបស់ប្រទេសទាំងនោះ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ បណ្ដាប្រទេសអឺរ៉ុបឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ស្អែកនេះតទៅ។

២៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តថា នឹងបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19។

៣៖ ទូរទស្សន៍ហុងកុងបានចេញផ្សាយនៅមុននេះបន្តិចថា សភាប្រជាជនចិន បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីប្រើប្រាស់លើទីក្រុងសេដ្ឋកិច្ចកំពូល មួយនេះហើយ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំពោះមុខការព្រមានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

៤៖ អ្នកនាំពាក្យតុលាការអ៉ីរ៉ង់បានអះអាងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះថា អ្នកគ្រប់គ្រងវែបសាយ និង Channel តេឡេក្រាម (Telegram) ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ឈ្មោះ រូហូលឡាហ៍ ហ្សាម (Ruhollah Zam) ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសប្រហារជីវិតហើយ។

៥៖ នៅព្រឹកថ្ងៃអង្គារនេះ សភាប្រជាជនចិនបានសម្រេច អនុម័តច្បាប់ថ្មីមួយដ៏ចម្រូងចម្រាស់ ស្តីអំពីសន្តិសុខថ្មីសម្រាប់ដែនដីហុងកុង។ ក្រោយពីច្បាប់ថ្មីនេះត្រូវបានអនុម័ត មិនបានប៉ុន្មានម៉ោងផង មេសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបង្ហាញពីភាពភ័យខ្លាច និងបានប្រកាសដកខ្លួនចេញពីសកម្មភាពនយោបាយ។

៦៖ បេសកកម្មនាំមនុស្សឡើងទីអវកាសដំបូង ដោយប្រទេសឥណ្ឌាដែលមានឈ្មោះថា ហ្គាហ្គាន់យាន (Gaganyaan) នៅឆ្នាំ២០២២ នឹងមិនទទួលរងផលប៉ះពាល់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នោះឡើយ៕