(តេហេរ៉ង់)៖ អ្នកនាំពាក្យតុលាការអ៉ីរ៉ង់បានអះអាងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះថា អ្នកគ្រប់គ្រងវែបសាយ និង Channel តេឡេក្រាម (Telegram) ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ឈ្មោះ រូហូលឡាហ៍ ហ្សាម (Ruhollah Zam) ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសប្រហារជីវិតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អ្នកនាំពាក្យតុលាការអ៉ីរ៉ង់លោក ហ្គោឡេម អ៉ីស្មៃលី (Gholam Hossein Esmaili) បានបញ្ជាក់ថា វែបសាយប្រឆាំងរដ្ឋាភិបាលខាងលើនេះមានឈ្មោះថា អាម៉ាត់ញូស (Amad News) ត្រូវបានតុលាការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋ និងប្រព្រឹត្តអំពើពុករលួយសាយភាពលើភពផែនដី ដែលមិនអាចលើកលែង។

ទោះជាយ៉ាង លោក Esmaili បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះគឺមិនទាន់ចូលជាស្ថាពរនៅឡើយទេ ដោយម្ចាស់វែបសាយខាងលើនេះ អាចធ្វើការប្តឹងឧទ្ធរណ៍បាន។ វែបសាយ Amad News ត្រូវបានគេដឹងកន្លងមកនេះថា តែងតែបានធ្វើការផ្សព្វផ្សាយព័ត៌មានញុះញង់ និងប្រឆាំងចំពោះរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ព្រមទាំងបានប្រើប្រាស់តេឡេក្រាម ជាកម្មវិធីចែកចាយ៕