(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិកហៅកាត់ថា FAA បានជូនដំណឹងឲ្យដឹងថា ខ្លួនបានចាប់ផ្តើមធ្វើការតេស្ត​សាកល្បងពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ហើយនៅថ្ងៃចន្ទសប្តាហ៍នេះ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចសេចក្តីថា តើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញ ហើយឬនៅ បន្ទាប់ពីបានបញ្ឈរជើងអស់ជាច្រើនខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន FAA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្តហោះប៊ូអីង 737 MAX បានធ្វើការហោះសាកល្បងចេញពីទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ សម្រាប់ជុំទី១»។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិកមួយនេះ បានសង្កត់ធ្ងន់ថា ខ្លួននិងក្រុមហ៊ុនប៊ូអ៊ីងនឹងធ្វើការសាកល្បងហោះហើរជាបន្តបន្ទាប់គ្នា​នៅក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃលើការផ្លាស់ប្តូរកែសម្រួល ដែលបានស្នើដោយក្រុមហ៊ុនប៊ូអ៊ីងចំពោះប្រព័ន្ធគ្រប់គ្រងការហោះហើរ​​ស្វ័យប្រវត្តិ​របស់យន្តហោះត្រកូលប៊ូអ៊ីង 737 MAX។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៨ យន្ដហោះ 737 Max ដែលផលិតដោយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បានធ្លាក់ចូលសមុទ្រប្រទេសឥណ្ឌូណេស៊ី ហើយនៅខែមីនា ឆ្នាំ២០១៩ យន្ដហោះប្រភេទនេះក៏បានធ្លាក់ជាថ្មីនៅឯប្រទេសអេត្យូពី។ សោកនាដកម្មធ្លាក់យន្ដហោះទាំងពីរលើកនេះ បានផ្ដាច់ជីវិតមនុស្សសរុប ៣៤៦នាក់ ខណៈដែល យន្តហោះត្រកូលនេះ ត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោក មកទល់នឹងសព្វថ្ងៃ បន្ទាប់ពីគេរកឃើញថា យន្ដហោះដែលលក់ដាច់ជាងគេរបស់ក្រុមហ៊ុន Boeing មួយនេះ មានបញ្ហាលើប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ គឺវាជាមូលហេតុចម្បង ដែលបង្កឲ្យមានសោកនាដកម្ម ដ៏សោកសៅផ្ទួនៗបែបនេះ៕