(ការ៉ាកាស់)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) បានប្រាប់ប្រធានបេសកកម្មសហភាពអឺរ៉ុបលោកស្រី អ៉ីសាប៊ែល ប្រ៊ីលហាន ផេដ្រូសា ( Isabel Brilhante Pedrosa) ឲ្យចាកចេញពីប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីអឺរ៉ុបបញ្ចេញទណ្ឌកម្ម ប្រឆាំងនឹងមន្ត្រីវេណេស៊ុយអេឡាចំនួន ១១រូប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣០ ឆ្នាំ២០២០។

លោក ម៉ាឌូរ៉ូ បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងដោះស្រាយបញ្ហានេះក្នុងរយៈពេល ៧២ម៉ោង។ យើងត្រៀមយន្តហោះរួមជាស្រេចឲ្យអ្នកស្រីជិះ ដើម្បីចាកចេញជាបន្ទាន់ ហើយយើងនឹងធ្វើការដោះស្រាយបញ្ហាជាមួយសហភាពអឺរ៉ុប នៅពេលក្រោយទៀត»។ ទោះជាបែបនេះក្តី បច្ចុប្បន្នដែនអាកាសរបស់វេណេស៊ុយអេឡា ត្រូវបានបិទទាំងស្រុងចំពោះការហោះហើរពាណិជ្ជកម្ម ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែដូចបានបញ្ជាក់ខាងលើហើយថា វេណេស៊ុយអេឡាបានត្រៀមយន្តហោះ សម្រាប់លោក Pedrosa រួចហើយ។

គួរបញ្ជាក់ថា មន្ត្រីមួយរូបក្នុងចំណោមមន្ត្រីដែលរងទណ្ឌកម្មនោះគឺលោក ល្វីស ផារ៉ា (Luis Parra) ជាសមាជិកសភាបក្សប្រឆាំង ដែលកំពុងប្រកួតប្រជែង ដើម្បីក្លាយជាប្រធានសភា គ្រប់គ្រងដោយបក្សប្រឆាំង ដឹកនាំដោយលោក ហ្សាន ហ្គៃដូ (Juan Guaido) ដែលជាសត្រូវរបស់លោក ម៉ាឌូរ៉ូ។ ទំនាក់ទំនងរវាងប្រទេសវ៉េណេស៊ុយអេឡា និងសហភាពអ៊ឺរ៉ុបមានភាពតានតឹងចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបលោក ម៉ាឌូរ៉ូ រួមទាំងការហាមឃាត់ការលក់អាវុធផងដែរ៕