(ញូដេលី)៖ ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់ បាយអូធិច (Bharat Biotech) បានទទួលការអនុញ្ញាតហើយ ក្នុងការចាប់ផ្ដើមតំណាក់កាលទី ១ និងទី ២ នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស បន្ទាប់ពីបានដាក់ជូនទិន្នន័យធ្វើតេស្ដបឋមរបស់ខ្លួន ដល់អាជ្ញាធរសុខាភិបាលឥណ្ឌា។ នេះបើតាមការការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

Bharat Biotech ជាក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌាមានមូលដ្ឋាននៅក្នុងទីក្រុង ហាយឌែរ៉ាបាដ (Hyderabad) ស្ថិតនៅចំងាយ ៥៦៩គីឡូម៉ែត្រពីទីក្រុង ប៊ែងហ្គាលូរូ (Bengaluru) បានដឹកនាំការអភិវឌ្ឍវ៉ាក់សាំង COVID-19 ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋចំនួនពីរ គឺក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (Indian Council of Medical Research) និងវិទ្យាស្ថានជាតិសិក្សាពីវីរុស (National Institute of Virology)។ ក្រុមហ៊ុនបានឱ្យដឹងទៀតថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខនេះហើយ។

បច្ចុប្បន្នឥណ្ឌាជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី ៤ នៅលើពិភពលោក ដោយមានចំនួនករណីឆ្លងសរុប ៥៦៧,៥៣៦ករណី ក្នុងនោះស្លាប់ ១៦,៩០៤នាក់ និងជាសះស្បើយឡើងវិញ ៣៣៥,២៧១នាក់។ ក្រៅពីប្រទេសឥណ្ឌា ប្រទេសធំៗមួយចំនួនទៀត ក៏បានប្រកាសអំពីការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សរួចមកហើយដែរ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់។

គួររំលឹកថា កាលពីសប្តាហ៍មុននេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានធ្វើការសន្និដ្ឋានអំពីលទ្ធភាព ដែលពិភពលោកអាចសម្រេចជោគជ័យលើការផលិត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា។ WHO បានសង្កត់ធ្ងន់ថា «យ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ (គិតចាប់ពីពាក់កណ្តាលឆ្នាំ២០២០នេះ) ទើបវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាពមួយ អាចនឹងត្រូវអភិវឌ្ឍឡើងបានសម្រេច»៕