(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសអូស្រ្តាលី បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងពិចារណាលើការដាក់ចេញនូវ វិធានរឹតត្បិតផ្នែកសង្គមឡើងវិញ បន្ទាប់ពីរដ្ឋមួយនេះទើបតែបានបំបែកកំណត់ត្រា លើតួលេខអ្នកឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 ច្រើនបំផុតពុំធ្លាប់មានកាលពីម្សិលមិញ សម្រាប់រយៈពេលជាង ២ខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ខណៈពេលដែលរដ្ឋជាច្រើន មិនទាន់បានរាយការណ៍ពីទិន្នន័យចុងក្រោយរបស់ពួកគេ រដ្ឋវិចតូរៀ (Victoria) ឯណោះវិញបានជូនដំណឹងឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៧៥ករណីបន្ថែមទៀត ដែលវាគ្រប់គ្រាន់ដើម្បីបំបែកកំណត់ត្រាថ្មី នៃតួលេខឆ្លងប្រចាំរបស់ប្រទេសអូស្ត្រាលី បើរាប់ចាប់តាំងពីប្រទេសនេះ បានរកឃើញករណីដំបូងរបស់ខ្លួនមក។

នៅចំពោះមុខនៃការកើនឡើងនៃតួលេខអ្នកឆ្លងថ្មីៗនេះ មន្ត្រីសុខាភិបាលរបស់ដ្ឋ Victoria បានគូសបញ្ជាក់ថា ខ្លួនកំពុងពិចរណារៀបចំឡើងវិញ ចំពោះដាក់ចេញនូវវិធានការរឹតត្បិតផ្នែកសង្គមឡើងវិញ។ លោក ប្រ៊ែត ស៊ូតថុន (Brett Sutton) ដែលជាប្រធានមន្ទីរសុខាភិបាលរដ្ឋ Victoria បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការកែប្រែច្បាប់ គឺជាអ្វីដែលយើងត្រូវពិចារណា ពីព្រោះយើងត្រូវធ្វើអ្វីៗដែលចាំបាច់ ដើម្បីបង្វែបញ្ហានេះ»។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅនេះ រដ្ឋ Victoria ដែលមានប្រជាជនរស់នៅប្រមាណជាង ០៦លាននាក់ បានចាប់ផ្តើមលើកវិធានការរឹតត្បិតសង្គមរបស់ខ្លួនឡើងវិញ ជាងមួយខែកន្លងមកហើយ ក្រោយពីស្ថានការណ៍ COVID-19 នៅក្នុងរដ្ឋមួយនេះបានស្គាល់ភាពធូរស្រាលយ៉ាងខ្លាំង ហើយក៏បានសន្យាថា នឹងលុបចោលការរឹតត្បិតទាំងស្រុងនៅចុងខែកក្កដានេះតែម្តង។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លង COVID-19 សរុបជិត ៧,៧០០ករណី ក្នុងនោះស្លាប់ជាង ១០០នាក់ និងជាសះស្បើយឡើងវិញជិត ៧,០០០នាក់៕