(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានបើកសវនាការស្ដាប់មួយ ដើម្បីផ្ដល់ឱកាសចុងក្រោយឱ្យសកម្មជនកូរ៉េខាងជើង ដែលកំពុងរស់នៅលើទឹកដីរបស់ខ្លួនចំនួន ០២ក្រុម ពន្យល់ពីហេតុផល និងការពារសកម្មភាពរបស់ពួកគេ មុននឹងក្រសួងសម្រេចចិត្តលុបចោលការអនុញ្ញាត សម្រាប់ការបង្ហោះខិត្តប័ណ្ណឃោសនាតាមបាឡុង 

ចូលទៅកាន់ទឹកដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ការបើកសវនាការស្ដាប់នេះកើតមានឡើង បន្ទាប់ពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានដាក់ពាក្យប្ដឹងក្រុមសកម្មជនអ្នកតស៊ូ ដើម្បីសេរីភាពកូរ៉េខាងជើង
និងក្រុមសកម្មជន ឃុនសេម (Kuensaem) សំដៅលុបចោលការអនុញ្ញាតឱ្យពួកគេ បង្ហោះខិត្តប័ណ្ណឃោសនាប្រឆាំង ទៅកាន់ប្រទេសកូរ៉េខាងជើង។

ប្រសិនបើការអនុញ្ញាតាងលើនេះ ត្រូវបានលុបចោល នោះម្ចាស់ជំនួយនៃក្រុមសកម្មជនកូរ៉េខាងជើងទាំងពីរក្រុមនេះ នឹងមិនមានសិទ្ធិទទួលបានការអនុគ្រោះពិសេស លើកាតព្វកិច្ចបង់ពន្ធទៀតនោះទេ។ ប៉ុន្តែទន្ទឹមគ្នា អ្នកតំណាងក្រុមសកម្មជន Kuensaem បានប្រាប់អ្នកសារព័ត៌មានថា ការលុបចោលការអនុញ្ញាតឱ្យពួកគេ បង្ហោះខិត្តប័ណ្ណឃោសនាទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាទង្វើបំពានលើសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានហៅកូរ៉េខាងត្បួងថា ជាសត្រូវសាជាថ្មី និងបានបំផ្ទុះកម្ទេចការិយាល័យយទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងទីក្រុង កែសុខ (Kaesong) ដោយសារខឹងសម្បារនឹងទីក្រុងសេអ៊ូល ដែលបណ្ដោយឱ្យក្រុមសកម្មជនកូរ៉េខាងជើង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងក៏ធ្លាប់បានព្រមាន ក្រុមសកម្មជនទាំងនេះផងដែរ ឱ្យបញ្ឈប់បេសកកម្មបង្ហោះខិត្តប័ណ្ណដោយអះអាងថា ការធ្វើបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរវាងកូរ៉េទាំង ២៕