(វ៉ាស៊ីនតោន)៖ ទីបំផុតតុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញសេចក្តីសម្រេចមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនស្វែងរកសិទ្ធិជ្រកកោន នៅលើទឹកដីសហរដ្ឋអាមេរិកបាន ដោយមិនអនុញ្ញាតឲ្យពួកគេទាំងនោះ ប្តឹងឡើងទៅកាន់ចៅក្រមសហព័ន្ធទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចពីសំណាក់តុលាការកំពូលរបស់សហរដ្ឋអាមេរិកបែបនេះ គឺជាជ័យជម្នះមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលតែងតែមានគោលនយោបាយប្រឆាំង នឹងដំណើរការសុំសិទ្ធិជ្រកកោនជានិច្ច។ សាលក្រមលេខ ៧-២ របស់ចៅក្រមទាំង ០៩រូបនេះទៀតសោត នឹងជះឥទ្ធិពលអាក្រក់ទៅលើជនស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ដែលលែងមានសិទ្ធិបង្ហាញខ្លួន នៅមុខតុលាការអាមេរិកទៀតហើយនោះ។

លោក លី ហ្គែឡឺន (Lee Gelernt) ដែលជាមេធាវីសហព័ន្ធសេរីភាពជនស៊ីវិលអាមេរិកាំង ហៅកាត់ថា ACLU បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «សេចក្តីសម្រេចនេះគឺជាការបរាជ័យ ក្នុងអនុវត្តតាមគោលការណ៍រដ្ឋធម្មនុញ្ញដែលថា បុគ្គលដែលត្រូវបានគេដកហូតសិទ្ធិសេរីភាព ក៏មានសិទ្ធិបង្ហាញខ្លួននៅមុខតុលាការ ហើយនេះរួមបញ្ចូលទាំងបណ្តាអ្នក ដែលស្វែងរកសិទ្ធិជ្រកកោនផងដែរ»

មេធាវីខាងនេះបានសង្កត់ធ្ងន់ទៀតថា «សេចក្តីសម្រេចនេះមានន័យថា បុគ្គលដែលប្រឈមនឹងបទបញ្ជានិរទេស អាចត្រូវបានបណ្តេញចេញដោយបង្ខំ និងដោយគ្មានការត្រួតពិនិត្យតាមប្រព័ន្ធតុលាការ។ ប្រការនេះវានឹងធ្វើឲ្យជីវិតពួកគេ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត»