(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានអះអាងថា ចិនដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្ដោយព្រំដែនជម្លោះនៃជួរភ្នំ ហិម៉ាល័យ (Himalayas) ដែលនេះគឺជាទង្វើរំលោភបំពាន លើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំង ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនម៉ោង នៅតំបន់ជម្លោះព្រំដែន ហ្គាល់វ៉ាន (Galwan) ដោយប្រើប្រាស់ដុំថ្ម និងដំបងសំពងគ្នាទៅវិញទៅមក រហូតដល់ផ្ដាច់ជីវិតកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ និងរបួស ៧៦នាក់ ខណៈយោធាចិនមកទល់នឹងពេលនេះ មិនទាន់បញ្ជាក់ថា កងទ័ពរបស់ខ្លួនបានស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ ក្រោយផ្ទុះជម្លោះនេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ២ បានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដោយបានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹង។

ក៏ប៉ុន្តែរូបភាពផ្កាយរណបជាច្រើនបង្ហាញថា កងទ័ពចិន និងឥណ្ឌា នៅតែមានសកម្មភាពមិនប្រក្រតី នៅតាមតំបន់ព្រំដែនជម្លោះដដែល ហើយប៉ុណ្ណោះនៅតែ បន្តចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ ដែលមានចែងពីការរក្សាការដាក់កំហិត ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ជម្លោះ។ ជុំវិញការចោទប្រកាន់របស់ឥណ្ឌានេះ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ៕