(បាងកក)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា រដ្ឋាភិបាលថៃបាន សម្រេចអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសអាស៊ានមួយនេះបាន ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ប្រភេទអ្នកដំណើរទាំងនោះ រួមមានដូចជា ពាណិជ្ជករនិងវិនិយោគិនមានឈ្មោះក្នុងបញ្ជីរង់ចាំ ដែលបានយល់ព្រមធ្វើចត្តាឡីស័កក្រោម កម្មវិធីហៅថា Alternative State Quarantine របស់រដ្ឋាភិបាលថៃ ពោលគឺពួកអាចស្នាក់នៅតាមសណ្ឋាគារ ដែលត្រូវមានការសហការ ជាមួយរដ្ឋាភិបាល និងចេញថ្លៃចំណាយផ្ទាល់ខ្លួន សម្រាប់រយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ។

បើតាមលោក Taweesin Visanuyothin អ្នកនាំពាក្យទីភ្នាក់ងារ CCSA ក្រៅពីនេះ នៅមានពលករជំនាញ អ្នកជំនាញ ជនបរទេសដែល រៀបការជាមួយពលរដ្ឋថៃ ក៏ដូចជាអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសថៃ បុគ្គលិកផ្នែកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត នឹងសុទ្ធតែ ត្រូវអនុញ្ញាតឲ្យចូលមក នៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។

លោក Taweesin បានបន្តថា សម្រាប់ ក្រុមពាណិជ្ជករដែលមានគ្រោងស្នាក់នៅរយៈពេលខ្លីវិញ ប្រហែលអាចទទួលបានការលើកលែងពី ការធ្វើចត្តាឡីស័ក ប៉ុន្តែអាជ្ញាធរ ថៃនឹងត្រូវរក មធ្យោបាយផ្សេងដើម្បីតាមដានពួកគេ។ មួយវិញទៀត សម្រាប់ក្រុមអ្នកទេសចរ ដែលមានគោលដៅ មកពិនិត្យតាមដានសុខភាព ក៏នឹងត្រូវអនុញ្ញាតឲ្យចូលនៅថ្ងៃទី១ ខែកក្កដា ដែរ បរាបណាគ្រឹះស្ថានសុខភាព និងមន្ទីរពេទ្យដែលពួកគេ មកពិនិត្យ មានអាជ្ញាបណ្ណពិសេសហៅថា Amazing Thailand Safety & Health Administration។

ប៉ុន្តែប្រភេទក្រុមអ្នកទេសចរខាងលើនេះ នឹងអនុញ្ញាតឲ្យចូលតែមកកាន់ទីក្រុងបាងកក និងខេត្តភូកេត ហាត់យ៉ៃ ឈៀងម៉ៃ និងឈៀងរ៉ៃ ប៉ុណ្ណោះ។ លោក Taweesin បានគូសបញ្ជាក់ជាដដែលថា ភ្ញៀវទេសចរបរទេសទូទៅ នៅតែត្រូវហាមឃាត់មិនទាន់ឲ្យចូលមកកាន់ថៃដដែល ព្រោះស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក នៅតែជារឿងគួរឲ្យបារម្ភដដែល។

គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍នេះ ថៃបានប្រកាសថា រកមិនឃើញមានករណីឆ្លងថ្មីនៃ COVID-19 ឡើយ គឺ៣១ថ្ងៃជាប់ហើយ។ សរុប មក ករណីអ្នកឆ្លងជំងឺនេះ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ គឺនៅរក្សាត្រឹម៣,១៥៨នាក់ ក្នុងនោះស្លាប់៥៨នាក់ និងជាសះស្បើយ ឡើងវិញ៣,០៣៨នាក់៕