(ប៉េកាំង)៖ ផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ប៉ីតូវ (BeiDou Navigation Satellite System ឬ BDS) ដែលចិនបានបាញ់បង្ហោះកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅនេះ អាចធ្វើប្រតិបត្តិការបានពេញលេញហើយ ដោយវានឹងក្លាយជាគូប្រជែងដ៏ធំនៃប្រព័ន្ធ GPS របស់សហរដ្ឋអាមេរិក។ តាមរយៈភាពជោគជ័យនេះ ក៏បានបញ្ចូលចិនទៅក្នុងចំណោមប្រទេស ដែលមានប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល (GNSS) ផ្ទាល់ខ្លួនផងដែរ។​

ក្រោយការបាញ់បង្ហោះប្រកបដោយជោគជ័យ ប្រធានក្រុមរចនា Beidou លោក Yang Changfeng បានប្រាប់ប្រព័ន្ធផ្សព្វផ្សារដ្ឋចិនថា ជោគជ័យនៃការបាញ់បង្ហោះប្រព័ន្ធ ផ្កាយរណបកំណត់ទីតាំងសកល បានបង្ហាញយ៉ាងច្បាស់ថាចិនបានក្លាយជាមហាអំណាចអវកាសមួយដ៏ពិតប្រាកដ។ មកទល់នឹងបច្ចុប្បន្ន ប្រព័ន្ធ GNSS ធំៗមានតែ៤គត់ នោះគឺ៖ GPS (សហរដ្ឋអាមេរិក), GLONASS (រុស្ស៊ី), Galileo (សហភាពអឺរ៉ុប) និងចុងក្រោយគឺ Beidou របស់ចិនតែម្ដង។ ចំណកឯ ឥណ្ឌា និងជប៉ុន កំពុងប្រតិបត្តិការ ប្រព័ន្ធផ្កាយរណបខ្នាតតូចតែប៉ុណ្ណោះ។ ចិនបានចំណាយពេលជិត ២ទសវត្សរ ដើម្បីអាចប្រតិបត្តិការ Beidou បានពេញលេញ ហើយអាចនឹងចំណាយពេលយូរតទៅទៀត ដើម្បីដេញតាមឱ្យទាន់​បច្ចេកវិទ្យា GPS របស់សហរដ្ឋអាមេរិក ដែលកំពុងគ្រប់គ្រងទីផ្សារប្រព័ន្ធផ្កាយ​រណបកំណត់ទីតាំងសកល។

* ប្រវត្តិ GPS

សហរដ្ឋអាមេរិក និងរុស្ស៊ី បានចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធ GNSS ផ្ទាល់ខ្លួនរបស់ពួកគេកំឡុងសម័យសង្រ្គាមត្រជាក់។ GPS ត្រូវបានស្នើបង្កើតដំបូងដោយ ក្រសួង​ការពារជាតិ​អាមេរិក នៅឆ្នាំ១៩៧៣ ខណៈរុស្ស៊ីបានចាប់ផ្ដើមបង្កើតប្រព័ន្ធ GLONASS ៦ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៧៩។ ទំាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានប្រកាសថាប្រព័ន្ធផ្កាយ រណបកំណត់ទីតាំងសកលរបស់ខ្លួន ប្រតិបត្តិការបានពេញលេញនៅឆ្នាំ១៩៩៥។

លោក Song Zhongping ជាអ្នកជំនាញយោធាចិនម្នាក់ ដែលធ្វើការជាមួយគណៈកម្មាការកំណែទម្រង់ និងអភិវឌ្ឍជាតិនៃក្រសួងកិច្ចការស៊ីវិលចិន បាននិយាយថាវាមាន ការសង្ឃឹមនៅក្នុងប្រទេសចិនថា Beidou អាចនឹងក្លាយជាគូប្រជែងសកលនៃ GPS របស់សហរដ្ឋអាមេរិក។ តែទោះជាយ៉ាងនេះក្ដី GPS នៅតែជាជម្រើសដំបូងគេបំផុត នៅលើទីផ្សារ ស្របពេលប្រជាជនភាគច្រើននៅទូទាំងពិភពលោកសុទ្ធតែស្គាល់ GPS អាមេរិក។ ម្យ៉ាងវិញទៀត ទោះជាមានបច្ចេកវិទ្យាទំនើបក៏ពិតមែន តែ Beidou មិនទាន់មានភាពល្អឥតខ្ចោះ និងនៅមានគុណសម្បត្តិមួយចំនួននោះគឺ ប្រព័ន្ធមួយនេះដំណើរការតាមមធ្យោបាយពីរផ្លូវ ដោយផ្កាយរណបត្រូវបញ្ជូនសញ្ញា ទៅកាន់ផែនដី ហើយឧបករណ៍នៅលើផែនដីត្រូវបញ្ជូនសញ្ញាត្រឡប់ទៅវិញ។ នេះគឺផ្ទុយពីប្រព័ន្ធ GPS អាមេរិកដែលមិនចាំបាច់បញ្ជូនសញ្ញាត្រឡប់ទៅផ្កាយវិញ។

* ប្រយោជន៍យោធា

នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ សារព័ត៌មានចិន People's Daily បានសង្កត់ធ្ងន់ថា Beidou គឺជាកម្មសិទ្ធរបស់ពិភពលោកទាំងមូល និងមនុស្ស​ជាតិទាំងអស់។ ប៉ុន្តែ ក្រុមអ្នកអង្កេតការណ៍ជាច្រើនយល់ថា ចិនអភិវឌ្ឍប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកលផ្ទាល់ខ្លួន គឺមានគោលបំណងធំក្នុងការកាត់បន្ថយការ ពឹងផ្អែកលើប្រព័ន្ធ GPS អាមេរិក។

កាលពីឆ្នាំ២០១៤ អតីតមន្ត្រីស៊ើបការណ៍សំងាត់អាមេរិក និងជាអ្នកវិភាគម្នាក់ លោក Kevin McCauley បាននិយាយថាកងទ័ពរំដោះប្រជាជនចិន (PLA) គឺពឹងផ្អែកស្ទើតែ ទាំងស្រុងលើប្រព័ន្ធ GPS។ ម្លោះហើយ ចិនដឹងថាបើសិនជានៅតែពឹងផ្អែកបែបនេះទៀត វាអាចនឹងនាំទុក្ខនៅថ្ងៃណាមួយ ជាពិសេសនៅពេលដែលសង្គ្រាមជាមួយ សហរដ្ឋអាមេរិកផ្ទុះឡើង ដោយជៀសមិនរួច។

ជុំវិញបញ្ហានេះដែរ នាយកមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់វិស្វកម្ម និងស្រាវជា្រវអវកាស នៃសាកលវិទ្យាល័យ New South Wales (University of New South Wales) លោក Andrew Dempster កត់សម្គាល់ថា Beidou ពិតមានសារៈសំខាន់បំផុតសម្រាប់យោធាចិន។ លោក Dempster បញ្ជាក់ដូច្នេះថា៖ «វាគឺជារឿងសំខាន់បំផុតដែល ចិនត្រូវតែមានប្រព័ន្ធយោធាផ្ទាល់ខ្លួន ពីព្រោះបើសិនជាជម្លោះ ឬសង្រ្គាមនៅក្នុងតំបន់សមុទ្រចិនខាងត្បូងផ្ទុះឡើងដោយជៀសមិនរួច នោះសហរដ្ឋអាមេរិក អាចនឹងមិន ឱ្យចិនប្រើប្រាស់ GPS ដែលនេះអាចនឹងធ្វើឱ្យយោធាអាមេរិក មានប្រៀបលើយោធាចិន ក្នុងការកំណត់ទីតាំង និងគោលដៅ»

គួរបញ្ជាក់ថា ចិនប្រហែលជានឹងមិនប្រើប្រាស់ Beidou ត្រឹមតែជាគូប្រជែងផ្នែកស៊ីវិលជាមួយ GPS របស់សហរដ្ឋអាមេរិក នោះទេ។ ជាឧទាហរណ៍ជាក់ស្ដែង សម្ព័ន្ធមិត្ត ស្និទរបស់ចិន គឺប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់ប្រព័ន្ធ Beidou ហើយចិនធ្វើបែបនេះដើម្បីទាញប៉ាគីស្ថានចេញពីប្រព័ន្ធ GPS។ បើតាមក្រុមអ្នកជំនាញ ចិន អាចនឹងផ្ដល់ការអនុញ្ញាបែបនេះកាន់តែច្រើនដល់បណ្ដាប្រទេសដទៃទៀត ដែលបានចុះហត្ថលេខាចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០)