(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានថ្លែងកាលពីថ្ងៃពុធសប្តាហ៍នេះថា វៀតណាមមិនទាន់មានផែនការណាមួយ ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនោះទេ ទោះបីជាប្រទេសអាស៊ានមួយនេះចាត់ទុកខ្លួនឯងថា បានទទួលជោគជ័យលើការគ្រប់គ្រង COVID-19 រួចទៅហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្តីភ័យខ្លាចនៅតែមាន ចំពោះការផ្ទុះរលកទី ២ នៃការឆ្លងរាតត្បាត COVID-19។ យើងមិនទាន់មានហេតុផលណាមួយ ដែលត្រូវរួសរាន់បើកចំហទ្វារឡើងវិញនោះទេ។ វៀតណាមមិនទាន់ត្រៀមខ្លួន ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញឡើយ។ យើងនៅតែទទួលក្រុមជំនាញបរទេស, អ្នកធ្វើការងារជាន់ខ្ពស់ និងវិនិយោគិននានា មកកាន់ប្រទេសវៀតណាមដដែល ប៉ុន្តែស្ថិតពួកគេត្រូវស្ថិតក្នុង ការតាមដានយ៉ាងដិតដល់»

គួរបញ្ជាក់ថា នៅក្នុងរយៈពេលជាង ២ខែមកនេះ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា បានទប់ស្កាត់ជំងឺ COVID-19 បានយ៉ាងល្អប្រសើរ ព្រោះគ្មានករណីឆ្លងក្នុងសហគមន៍ កើតឡើងទៀតឡើយ។ វៀតណាម និងប្រទេស ៤ ទៀតនៅអាស៊ីអាគ្នេយ៍ដូចជា ឡាវ កម្ពុជា មីយ៉ាន់ម៉ា និងប្រ៊ុយណេ គឺមានករណីឆ្លង COVID-19 តិចតួចជាងគេបំផុត។ បច្ចុប្បន្នវៀតណាមមានករណីឆ្លង COVID-19 សរុបតែ ៣៥២ករណីប៉ុណ្ណោះ ដោយក្នុងនោះគ្មានអ្នកស្លាប់ឡើយ ខណៈអ្នកជាសះស្បើយវិញមានចំនួន ៣២៩នាក់៕