(ហុងឌូរ៉ាស)៖ សុខភាពរបស់ប្រធានាធិបតីហុងឌូរ៉ាស លោក ហ្សូអាន អ័រឡេនដូ ហឺណាន់ដែស (Juan Orlando Hernandez) ស្ថិតនៅក្នុងស្ថានភាពនឹងនរ ខណៈលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅ។ នេះបើតាមសម្តីវេជ្ជបណ្ឌិតរបស់លោក ដែលត្រូវបានដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិតខាងលើបានលើកឡើងទៀតថា បើតាមលទ្ធផលពិនិត្យតាមបែបវិទ្យុសកម្ម (Radiological) បានបង្ហាញថា លោកប្រធានាធិបតីបានកើនមានអការៈ​ថយចុះអុកស៊ីសែននៅក្នុងឈាម ក៏ដូចជាសញ្ញាផ្សេងៗនៃជំងឺរលាកសួត។ បច្ចុប្បន្ននេះលោកប្រធានាធិបតីកំពុងសម្រាកព្យាបាល ដើម្បីធ្វើការតាមដានសុខភាពបន្ត ប៉ុន្តែបើតាមអ្នកជំនាញវេជ្ជសាស្ត្រនៅមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោកប្រធានាធិបតី​កំពុងទទួលការព្យាបាលបានកត់សម្គាល់ថា លោកមិនមានអការៈគ្រុនក្តៅទៀតទេ និងស្ថានភាពសុខភាពរបស់លោក​បានប្រែមកជាធម្មតាវិញជាបណ្តើរៗហើយ។

គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាសបានរាយការណ៍ករណីឆ្លង COVID-19 សរុបចំនួន ១៣,៩៤៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤០៥នាក់ និងអ្នកជាសះស្បើយឡើងវិញចំនួន ១,៤៦១នាក់៕