(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានឱ្យដឹងរដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក អេជីស (Aegis) នៅឯទីតាំងចំនួន ០២ នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

បើតាមលោក Taro Kono ការសម្រេចចិត្តខាងលើត្រូវបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃពុធម្សិលមិញ។ លោក Kono ក៏បានប្រកាសរួចហើយដែរ កាលពីសប្ដាហ៍មុនថា ការដាក់ប្រព័ន្ធមីស៊ីល Aegis នៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ (Yamaguchi) និងខេត្ត អាគិតា (Akita) អាចនឹងត្រូវបានលុបចោល ដោយសារបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ខណៈជប៉ុនកំពុងផ្ដោតលើ ការដោះស្រាយវិបត្តិ COVID-19។

គួរជម្រាបថា ជប៉ុនបានសម្រេចចិត្តថា នឹងដាកពង្រាយប្រព័ន្ធមីស៊ីល Aegis ចំនួនពីរដែលផលិតដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។ ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសគឺការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលព្រួយបារម្ភពីការរំខានដល់ការរស់នៅរបស់ពួកគេ នៅពេលប្រព័ន្ធមីស៊ីលនេះត្រូវបានដំឡើង៕