(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពមួយចំនួន ដែលនឹងត្រូវបានដកចេញពីអាល្លឺម៉ង់ ទៅកាន់ប្រទេសប៉ូឡូញ ខណៈទីក្រុងម៉ូស្គូក៏បានព្រមានទុកជាមុនផងដែរថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតប បើសិនជាកងទ័ពអាមេរិកត្រូវបានដាក់ពង្រាយបន្ថែម មកកាន់បណ្ដាប្រទេសអឺរ៉ុបខាងកើតណាមួយ ដែលមានព្រំដែនជាប់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានបង្ហើបពីផែនការផ្ទេរកងទ័ពអាមេរិកខាងលើ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រាហ្សេច ឌូដា (Andrzej Duda) នៅឯសេតវិមានក្នុងថ្ងៃពុធសប្ដាហ៍នេះ។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេ (ប៉ូឡូញ) អាចនឹងចេញថ្លៃចំណាយ លើការបញ្ជូនកងទ័ពបន្ថែមនេះ ហើយយើងអាចនឹងផ្ទេរកងទ័ពមួយចំនួន ដែលដកចេញពីអាល្លឺម៉ង់ ទៅកាន់ប៉ូឡូញវិញ»

គួរជម្រាបថា កាលពីដើមខែមិថុនានេះ លោក ដូណាល់ ត្រាំ បានទទួលស្គាល់ពីផែនការ កាត់បន្ថយកងទ័ពអាមេរិកចេញពីប្រទេសអាល្លឺម៉ង់ពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់ ដោយសារតែអាល្លឺម៉ង់ បរាជ័យក្នុងការសម្រេចឱ្យបាន នូវការបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់ ០២ភាគរយ នៃផលិតផលនៅក្នុងស្រុក តាមការចង់បានរបស់លោក និងអង្គការ NATO។ ការសម្រេចចិត្តបែបនេះទទួលរងការរិះគន់យ៉ាងខ្លាំង ពីរដ្ឋាភិបាលអាល្លឺម៉ង់ ស្របពេលបណ្ដាប្រទេសអឺរ៉ុបមួយចំនួន កាន់តែសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីការពារពួកគេពីការគំរាមកំហែងណាមួយពីរុស្ស៊ី៕