(ប៉េកាំង)៖ ក្រោយពីមានករណីឆ្លងផ្ទុះឡើងជាថ្មីនៅទីក្រុងប៉េកាំង កាលពីដើមខែមិថុនាកន្លងទៅនេះ ដែលបានចម្លងទៅមនុស្សចំនួន ២៥៦នាក់នោះ អាជ្ញាធរសុខាភិបាលនៃរដ្ឋធានីប៉េកាំង បានប្រកាសជាផ្លូវការថា ខ្លួនអាចគ្រប់គ្រងស្ថានការណ៍បានវិញហើយ។ ប៉ុន្តែទោះជាយ៉ាងណា ក្តីបារម្ភជុំវិញលទ្ធភាពនៃការឆ្លងរីករាលដាល នៅក្នុងសហគមន៍នៅតែបន្តមាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យនៃអាជ្ញាធររដ្ឋធានីប៉េកាំង លោក ស៊ូ ហឺចៀន (Xu Hejian) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះថា «ការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីក្រុងប៉េកាំង ដែលមានទំនាក់ទំនងទៅនឹងផ្សារលក់ដុំស៊ីនហ្វាទី (Xinfadi) ឥឡូវនេះគឺស្ថិតក្រោមការគ្រប់គ្រងហើយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងក៏បានរកឃើញករណីឆ្លងជាចង្កោម នៅក្នុងចំណោមសមាជិកគ្រួសារ និងកន្លែងធ្វើការមួយចំនួនផងដែរ»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ទៀតថា «វិធីបង្ការ និងគ្រប់គ្រងនៅតែមានភាពស្មុគស្មាញ ដូច្នេះយើងមិនទាន់អាចបន្ធូរបន្ថយវិធានការរឹតត្បិត បាននៅឡើយទេពេលនេះ»

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំង បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដំបូងបង្អស់នៅឯផ្សារលក់ទំនិញដ៏ធំមួយមានឈ្មោះថា ស៊ីនហ្វាទី (Xinfadi)។ ក្រោយពីផ្ទុះមានករណីឆ្លងនោះមកគេឃើញថា ករណីឆ្លងក្នុងស្រុកចិនបានកើនឡើងសាជាថ្មី ក្រោយពីស្ងប់ស្ងាត់ជាងពីរខែរួចមក។ ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងតឹងតែង ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរីករាលដាល ចូលទៅក្នុងសហគមន៍។

សម្រាប់របាយការណ៍ COVID-19 ប្រចាំថ្ងៃព្រហស្បតិ៍នេះវិញ ចិនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៩នាក់ទៀតកាលពីថ្ងៃពុធ ដោយក្នុងនោះ ១៣នាក់នៅប៉េកាំង។ ប្រការនេះបានធ្វើឲ្យករណីឆ្លងសរុបនៅចិនកើនដល់ ៨៣,៤៤៩ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៤៤៣នាក់៕