(ដាកា)៖ បង់ក្លាដែសដែលជាប្រទេសភូមិផងរបងជាមួយឥណ្ឌា និងមានប្រជាជនរស់នៅច្រើនកកកុញរហូតដល់ជាង ១៦៤លាននាក់នោះ ពេលនេះបានរកឃើញករណីឆ្លងជំងឺ COVID-19 រហូតដល់ជាង ១២២,០០០ករណីហើយ ដោយក្នុងនោះជាង ១,៦០០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

បណ្តាញប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូងដូចជា បង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានអង្គការសុខភាពពិភពលោក (WHO) សម្តែងក្តីព្រួយបារម្ភខ្លាំង ខណៈដែលសន្ទុះនៃការឆ្លង COVID-19 ក្នុងប្រទេសជាប់របងគ្នាទាំងបីនេះ កំពុងស្ទុះឡើងយ៉ាងគំហុកជាប្រចាំថ្ងៃ ជាពិសេសគឺនៅប្រទេសឥណ្ឌាតែម្តង។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ COVID-19 ប្រចាំថ្ងៃពុធនេះ បង់ក្លាដែសបានរកឃើញអ្នកឆ្លងថ្មីៗ ៣,៤៦២នាក់ និងអ្នកបាត់បង់ជីវិត ៣៧នាក់ នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ ក៏បានកើនឡើងដល់ជិត ៥០,០០០នាក់ផងដែរ៕