(អារីហ្សូណា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអបអរសាទរចំពោះការបញ្ចប់ការសាងសង់ ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ចម្ងាយ ៣២០គីឡូម៉ែត ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋអារីហ្សូណា (Arizona) នៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើដំណើរតាមយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុងយូម៉ា (Yuma) ស្ថិតនៅភាគនិរតីនៃរដ្ឋអារីហ្សូណា (Arizona) បន្ទាប់មកលោកក៏បានទៅពិនិត្យមើលរបងដែកខ្ពស់ៗ នៅតាមបណ្តោយព្រំដែនជាមួប្រទេសម៉ិចស៊ីកូ។ នាឱកាសនោះ ប្រធានាធិបតីរូបនេះ បានចុះហត្ថលេខាទៅលើផ្ទាំងរំលឹកអនុស្សាវរីយ៍មួយ ដើម្បីទទួលស្គាល់ការបញ្ចប់រួចរាល់ នៃការសាងសងជញ្ជាំងព្រំដែនចម្ងាយ ៣២០គីឡូម៉ែត្រ។

លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «នេះគឹជារចនាសម្ព័នជញ្ជាំងដ៏រឹងមាំ និងធំទូលាយជាងគេនៅលើពិភពលោក។ វាត្រូវបានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យា ដែលគ្មាននរណាម្នាក់អាចជឿថា សូម្បីតែឧបករណ៍ចាប់សញ្ញា (sensor) និងកាមេរ៉ាក៏មាននៅទីនោះដែរ»។ ជាមួយគ្នានោះលោក ត្រាំ បានសង្កត់ធ្ងន់ថា «យើងកំពុងបោះជំហានក្នុងការបញ្ចប់រួចរាល់ ៧៦០គីឡូម៉ែត្រនៅដំណាច់ឆ្នាំនេះ និង ៨៥០គីឡូម៉ែត្រភ្លាមៗបន្ទាប់ពីនោះតែម្តង»

គួរជម្រាបថា ក្នុងកំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានរក្សាជំហរយ៉ាងរឹងប៉ឹងចំពោះគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ព្រមទាំងបានជំរុញឲ្យមានវិធានការដ៏ចម្រូងចម្រាសជាច្រើន ក្នុងនោះរួមមានដូចជា ការសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ដើម្បីរារាំងជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម៕