(សិង្ហបុរី)៖ លោក លី សៀនយ៉ាង (Lee Hsien Yang) ដែលជាប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសម្រេចចិត្តចូលរួមជាមួយគណបក្ស សិង្ហបុរីរីកចម្រើនទៅមុខ (Progress Singapore Party) ដែលជាបក្សប្រឆាំងមួយដឹកនាំដោយលោក តាន់ ឆឹងបុក (Tan Cheng Bock)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

លោក Tan Cheng Bock បានធ្វើការប្រកាសព័ត៌មានខាងលើ នៅព្រឹកថ្ងៃពុធនេះតែម្តង បន្ទាប់ពីទទួលទានអាហារពេលព្រឹកជាមួយលោក លី សៀនយ៉ាង នៅផ្សារមួយ។ លោក Tan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសធំណាស់ ដែលបានផ្ដល់កាតសមាជិក គណបក្សសិង្ហបុរីរីកចម្រើនទៅមុខ ដល់លោក លី សៀនយ៉ាង»។ ប៉ុន្តែទន្ទឹមគ្នា លោក Tan Cheng Bock មិនបានទទួលស្គាល់ថា តើលោក លី នឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត សកលដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ដែរឬក៏យ៉ាងណានោះឡើយ។

កាលពីខែកក្កដា ឆ្នាំ២០១៩ លោក Tan ធ្លាប់បានអះអាងថា នឹងទទួលស្វាគមន៍ បើសិនជាលោក លី សៀន យ៉ាង សម្រេចចិត្តចូលរួមជាមួយគណបក្សប្រឆាំងរបស់លោក។ ចំណែកឯលោក លី វិញក៏ធ្លាប់បង្ហោះសារមួយនៅលើ Facebook កាលពីដើមឆ្នាំ២០២០ ផងដែរថា លោក Tan គឺពិតជាសក្តិសមធ្វើជាមេដឹកនាំសិង្ហបុរី ខណៈរូបលោកផ្ទាល់ និងប្អូនស្រី គឺលោកស្រី លី វៃលីង (Lee Wei Ling) នាំគ្នារិះគន់ការដឹកនាំរបស់លោក លី សៀនឡុង ក្រោយបងប្អូនគ្រួសារត្រកូលលីទាំងបី នាក់នេះមានជម្លោះក្នុងគ្រួសារ ពាក់ព័ន្ធនឹងអតីតផ្ទះរបស់ឪពុកគឺលោក លី ក្វាន់ យូ។

គួរជម្រាបថា ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀន ឡុងកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថាសភាជាតិត្រូវបានរំលាយចោល ដើម្បីបើកផ្លូវឆ្ពោះទៅរកការរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ហើយការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនានេះ៕