(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១៥,៩៦៨នាក់ឯណោះក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។ ក្រៅពីករណីឆ្លង ឥណ្ឌាក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៤៦៥នាក់ទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៤៥៦,១៨៣ករណី ក្នុងនោះស្លាប់សរុប ១៤,៤៧៦នាក់ និងជាសះស្បើយឡើងវិញសរុប ២៥៨,៦៨៥នាក់ ខណៈអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានសរុប ១៨៣,០២២នាក់។

នារយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង ខណៈករណីស្លាប់សរុបវិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ លើលោក៕