(ប៉េកាំង)៖ មន្ទីរពិសោធន៍ចល័តដើម្បីទទួលការធ្វើតេស្តរក COVID-19 ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូង នៅមជ្ឈមណ្ឌលកីឡា ក្នុងសង្កាត់តាស៊ីង (Daxing) រដ្ឋធានីប៉េកាំង ខណៈការផ្ទុះករណីឆ្លងក្នុងផ្សារលក់ទំនិញធំមួយ កាលពីពេលថ្មីៗនេះ កំពុងបង្កឲ្យប្រជាជនព្រួយបារម្ភខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

មន្ទីរពិសោធន៍ចល័តនេះបានផ្តល់ដោយ ក្រុមហ៊ុនជីវសាស្រ្ត BGI Genomic ដែលមានមានសមត្ថភាពធ្វើតេស្តមនុស្ស ៣០,០០០នាក់ក្នុងមួយថ្ងៃ។ លោក លីវ ស៊ីន (Liu Xin) អ្នកតំណាងក្រុមហ៊ុន BGI ជីំណូមិក (BGI Genomic) បាននិយាយថា មន្ទីរខាងលើនេះមានឈ្មោះថា ហូយ៉ាន (Huoyan) មានន័យថា «ភ្នែកអគ្គី»។ មន្ទីរចល័តនេះមាន ០៩បន្ទប់ដែលបំពាក់ដោយបំពង់បន្សុទ្ធខ្យល់ នៅក្នុងនោះ ០៣បន្ទប់ ជាកន្លែងសម្រាប់ទទួលសំណាករបស់អ្នកសង្ស័យផ្ទុក COVID-19 ចំណែកឯ ០៦បន្ទប់ផ្សេងទៀត មានបំពាក់ ម៉ាស៊ីនធ្វើតេស្តស្វ័យប្រវត្តិចំនួន ១៤គ្រឿង ដែលម៉ាស៊ីននីមួយៗមានលទ្ធភាព អាចពិនិត្យសំណាក់បាន ៩៦ ក្នុងពេលតែមួយ។

គួរបញ្ជាក់ថា ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តនេះ គឺជាការសំរួលដល់ការធើ្វតេស្តរក COVID-19 ឲ្យកាន់តែឆាប់រហ័ស។ លោក លីវ បានបន្ថែមទៀតថា បុគ្គលិកជាង ១០០នាក់របស់ក្រុមហ៊ុន BGI Genomic បានដាក់ពង្រាយនៅទូទាំងប្រទេស ហើយប្រតិបត្តិការធ្វើតេស្តរបស់យើង កំពុងដំណើរការយ៉ាងរលូន៕