(ម៉ូស្គូ)៖ ស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានព្រមានបំផ្ទុះសង្រ្គាមកូរ៉េជាថ្មី ជាមួយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆំាងនឹងសហរដ្ឋអាមេរិក ចំពេលស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កំពុងតានតឹងរឹតតែខ្លាំង។ នេះបើតាមការដកស្រង់ព័ត៌មានពី New York Post នៅរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មាន New York Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលបានចុះផ្សាយថា សារព្រមានមួយក្រោមទម្រង់ជា សេចក្ដីថ្លែងការណ៍ពីស្ថានទូតកូរ៉េខាងជើង ត្រូវបានបញ្ចេញកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងឆ្នាំ២០២០នេះ យោធាអាមេរិកបានដឹកនាំការធ្វើសយុទ្ធយោធា ជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាត្រៀមលក្ខណៈឈ្លានពានកូរ៉េខាងជើង... ប៉ុន្តែសង្រ្គាមកូរ៉េថ្មីមួយនឹងបញ្ចូល ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺជាការបិទបញ្ចប់ចក្រពត្តិអាមេរិក»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងខួបលើកទី ៧០ នៃការផ្ទុះសង្រ្គាមកូរ៉េ
(១៩៥០-១៩៥៣) នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាស្អែកនេះ។ ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែជាតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីក្រុមជនជាតិកូរ៉េខាងជើង ដែលរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះបាឡុងមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ។

ជាការឆ្លើយតបកូរ៉េខាងជើងបានបំផ្ទុះអគារ ការិយាល័យទំនាក់ទំនង ២៤ម៉ោងរវាងកូរ៉េទាំងពីរ ដែលត្រូវបានដំណើរការកាលពីឆ្នាំ២០១៨ និងប្រកាសដាក់ពង្រាយយោធា នៅតាមចំណុចព្រំដែនមួយចំនួន នៅជាប់កូរ៉េខាងត្បូងឡើងវិញ។ ប៉ុន្តែនៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានប្រកាសថាប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាច បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង៕