(ម៉ិចស៊ីកូ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ទៅ ៧.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតភាគខាងត្បូងនៃប្រទេសម៉ិចស៊ីកូ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ) ដោយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ និងហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ិចស៊ីកូបានឲ្យដឹងថា ករណីស្លាប់ខាងលើបានកើតឡើង នៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ អូកសាកា (Oaxaca) ជាទីដែលសម្បូរទៅដោយភ្នំ និងតំបន់ប្រវត្តិសាស្ត្រល្បីល្បាញខាងដំណាំកាហ្វេ និងស្ថាបត្យកម្មកាលពីសម័យអាណានិគមអេស្ប៉ាញ។

រូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញថា ផ្ទាំងថ្មបានបិទផ្លូវតាមតំបន់ភ្នំមួយ ស្ថិតនៅរវាងរដ្ឋ Oaxaca និងតំបន់ឆ្នេរសមុទ្រ។ អាគារជាច្រើននៅក្នុងតំបន់ជុំវិញចំណុចញ័ររញ្ជួយ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកអគារនានាក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីតធី ដែលស្ថិតចម្ងាយរាប់រយគីឡូម៉ែតពីចំណុចរំញ័រ ក៏បានរងចំហាយគ្រោះរញ្ជួយដីមួយនេះផងដែរ ដែលបានបង្ខំឲ្យមនុស្សម្នារត់ចុះពីលើអគារ ទៅឈរតាមដងផ្លូវយ៉ាងតក់ស្លុត។

គួរជម្រាបថា គ្រោះរញ្ជួយដីដែលមានទំហំលើសពី ៧.០រិចទ័រឡើងទៅ គឺជាគ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរ ដ្បិតថាវាមានសមត្ថភាពបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើវាយប្រហារចំទីប្រជុំជន។ តួយ៉ាងកាលពីឆ្នាំ២០១៧ កន្លងទៅនេះ ប្រទេសម៉ិចស៊ីកូក៏បានជួបប្រទះគ្រោះធម្មជាតិបែបនេះដែរ។ កាលណោះគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារចំកណ្តាលទីក្រុងម៉ិចស៊ីកូស៊ីតធី ដែលបណ្តលឲ្យស្លាប់មនុស្សចំនួន ៣៥៥នាក់នៅក្នុងរដ្ឋធានី និងរដ្ឋនៅជុំវិញនោះ៕