(ប្រេស៊ីល)៖ ចៅក្រមសហព័ន្ធម្នាក់នៅក្នុងប្រទេសប្រេស៊ីល បានបង្គាប់ឱ្យលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ពាក់ម៉ាសនៅពេលបង្ហាញខ្លួននៅតាមទីសាធារណៈ បើពុំដូច្នោះទេអាចត្រូវផាកពិន័យជាប្រាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

លោក Jair Bolsonaro គឺជាមនុស្សម្នាក់ដែលមើលស្រាលចំពោះការឆ្លងរាតត្បាត COVID-19 ដោយចាត់ទុកថាវាគ្រាន់តែជាជំងឺផ្ដាសាយកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ហើយលោកក៏បានជំទាស់ជាដាច់ខាតផងដែរ នឹងវិធានការបិទប្រទេស។ លោក Bolsonaro ត្រូវបានគេថតជាប់ជារឿយៗ ដោយមិនបានពាក់ម៉ាសនៅតាម ទីសាធារណៈនោះទេ ខណៈប្រជាជនប្រេស៊ីលត្រូវបានតម្រូវឱ្យពាក់ឱ្យម៉ាស បើមិនចង់ជាប់ពិន័យជាប្រាក់ ៣៨៧ដុល្លារអាមេរិក។

ជុំវិញបញ្ហានេះដែរ ចៅក្រមសហព័ន្ធ លោក រ៉េណាតូ បូរែលលី (Renato Borelli) បានបង្គាប់ឱ្យលោក Jair Bolsonaro រួមទាំងមន្ត្រីរដ្ឋាភិបាលទាំងអស់ ត្រូវពាក់ម៉ាសនៅតាមទីសាធារណៈ បើពុំដូច្នោះទេនឹងត្រូវផាកពិន័យជាប្រាក់ ៣៨៧ដុលា្លរដូចគ្នា។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ១.១លាននាក់ ក្នុងនោះស្លាប់ ៥២,៧៧១នាក់ និងជាសះស្បើយឡើងវិញ ៦១៣,៣៤៥នាក់ ដែលនេះធ្វើឱ្យប្រេស៊ីលជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕