(វ៉ាស៊ីនតោន)៖ សម្រាប់រយៈពេលពីរសប្តាហ៍មកហើយ ដែលរដ្ឋតិចសាស់ (Texas), រដ្ឋអារីហ្សូណា (Arizona) និងរដ្ឋណេវ៉ាដា (Nevada) របស់សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាថ្មីៗជារៀងរាល់ថ្ងៃ នៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ខណៈពេលដែលរដ្ឋចំនួន ១០ផ្សេងទៀតដែលរាប់ចាប់ពីរដ្ឋផ្លូរីដា (Florida) រហូតដល់រដ្ឋកាលីហ្វ័រញ៉ា (California)បាននិងកំពុងជួបប្រទះនឹងការកើនឡើង នៃករណីឆ្លងថ្មីៗនៃជំងឺរាតត្បាតសកលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

នៅរដ្ឋតិចសាស់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនលើសពី ៥០,០០០នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅរដ្ឋតិចសាស់) ដែលជាចំនួនមួយខ្ពស់បំផុតពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងមានករណីផ្ទុះឡើងនៃជំងឺនេះ។ មន្ទីរពេទ្យកុមារនៅក្នុងរដ្ឋនេះ ត្រូវបានប្រែក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដើម្បីដោះស្រាយបញ្ហាកង្វះគ្រែសម្រាប់អ្នកជំងឺ។

ចំណែកឯស្ថានការណ៍ COVID-19 នៅរដ្ឋអារីហ្សូណា និងរដ្ឋនេវ៉ាដាវិញក៏មិនសូវជាខុសគ្នានឹងស្ថានភាពនៅរដ្ឋតិចសាស់ដែរ គឺបានបំបែកបំណត់ត្រាថ្មីៗជារៀងរាល់ថ្ងៃ នៃចំនួនករណីឆ្លងថ្មីអស់រយៈពេលជិត ២សប្តាហ៍មកហើយ។ នេះបើយោងតាមរបាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពេលដែលសហរដ្ឋអាមេរិកហាក់ដូចជាបានគ្រប់គ្រងស្ថានការណ៍បានល្អ ក្នុងរយៈពេលជាច្រើនសប្តាហ៍ក្នុងខែឧសភា ដែលករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើងតែ ២៥% កាលពីសប្តាហ៍មុន រដ្ឋចំនួន១០ ផ្សេងទៀតត្រូបានគេរាយការណ៍ថា មានការកើនឡើងខ្ពស់ជាង ៥០% នៃករណីឆ្លងថ្មី។

គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងសរុបចំនួនជាង ២.៤លាននាក់ ដោយក្នុងនោះអ្នកជំងឺជាង ១២ម៉ឺននាក់បានស្លាប់ និងជាង១លានទៀតបានជាសះស្បើយឡើងវិញ៕