(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបិទមិនឱ្យឃើញនូវសារមួយបង្ហោះ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលព្រមានប្រើប្រាស់កម្លាំងបាយ ប្រឆាំងនឹងក្រុមបាតុករនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

ភាពចម្រូងចម្រាសរវាងលោក ត្រាំ និង Twitter បានផ្ទុះឡើងជាថ្មី ក្រោយប្រធានាធិបតីអាមេរិករូបនេះ បានព្រមានបង្ក្រាបក្រុមបាតុករ ក្នុងទីក្រុង ស៊ីតថល (Seattle) នៃរដ្ឋធានីវ៉ាស៊ីនតោនស្ទេត ដោយកម្លាំងបាយ។ លោក ត្រំា បានសរសេរនៅលើសារ ដែលលោកបានបង្ហោះដូច្នេះថា «នឹងមិនមានជាដាច់ខាតតំបន់ស្វយ័ត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បើខ្ញុំនៅតែជាប្រធានាធិបតីរបស់អ្នក។ ប្រសិនបើពួកគេនៅតែព្យាយាមធ្វើដូច្នេះ នោះពួកគេនឹងបានស្គាល់កម្លាំងមួយដ៏ខ្លាំង»

ក្រុមហ៊ុន Twitter បានចាត់ទុកថា ការបង្ហោះសាររបស់លោក ត្រាំ គឺរំលោភបំពានលើគោលការណ៍របស់ខ្លួន ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវចាត់វិធានការ បិទមិនឱ្យឃើញនូវសារបែបនេះ ចំពេលទំនាក់ទំនងរវាងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមនេះ និងសេតវិមានកំពុងភាពល្អក់កករនឹងគ្នា។ លោក ត្រាំ បានចោទ Twitter ថា មានភាពលម្អៀងប្រឆាំងនឹងក្រុមអ្នកអភិវរក្សនិយម។ មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានការរិតត្បិតលើ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងសហរដ្ឋអាមេរិកផងដែរ បើទោះជាមានការរិះគន់ក៏ដោយ៕