(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២ករណីបន្ថែមទៀត ដែលក្នុងនោះមាន ០៩នាក់ជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៣នាក់ទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៣ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រ៉ងតែឯងចំនួន ០៧ករណី និង ០២ករណីទៀត ត្រូវបានរាយការណ៍ចេញពីខេត្តហ៊ូប៉ី (Hebei)។ ចំណែកឯ ០៣ករណីដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai) ចំនួន ០២ករណី និង ០១ករណីទៀតនៅខេត្តសានស៊ី (Shaanxi)។

នៅក្នុងរបាយការណ៍តែមួយនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤២៨នាក់។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សុរប ៨៣,៤៣០ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ៕