(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនម្នាក់ នៅថ្ងៃអង្គារនេះ បាននិយាយថាយោធាអាមេរិក បាន និងកំពុងបង្កើនការធ្វើសកម្មភាពរបស់ខ្លួនមិនធ្លាប់មានពីមុនមក នៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលនេះអាចនឹងនាំឱ្យមានការប៉ះទង្គិចគ្នាជាយថាហេតុណាមួយ ជាមួយកងនាវាចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក Wu Shicun ជាប្រធានវិទ្យាស្ថានជាតិសិក្សាពីតំបន់សមុទ្រចិនខាងត្បូង នៃរដ្ឋាភិបាលចិន ធ្វើការអះអាងបែបនេះកំឡុងធ្វើបទបង្ហាញពីវត្តមានយោធាអាមេរិក នៅក្នុងតំបន់។ ថ្លែងនាឱកាសនោះ លោក Wu បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក បាន និងកំពុងបង្កើនសកម្មភាពយោធា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនធ្លាប់ មានពីមុនមក ដែលអាចនឹងនាំឱ្យមានឧប្បដិហេតុយោធា ឬការបាញ់ប្រហារដាក់គ្នាណាមួយ»។ លោកបន្ថែមថា បើសិនជាវិបត្តិ ឬជម្លោះផ្ទុះឡើងមែន នោះវាអាចនឹងបង្ក គ្រោះមហន្តរាយដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា បើតាមលោក Wu Shicun សហរដ្ឋអាមេរិក បានដាក់ពង្រាយកងទ័ព ៣៧៥,០០០នាក់ និង៦០ភាគរយនៃនាវាចម្បាំងរបស់ខ្លួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយមិនតែប៉ុណ្ណោះនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ៣គ្រឿង ក៏ត្រូវបានដាក់ពង្រាយផងដែរ៕