(បាងកក)៖ នៅទីបំផុតឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) បានយល់ព្រមទទួលធ្វើជាមេដឹកនាំគណបក្សចម្រុះ ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែលជាបក្សកាន់អំណាចនាពេលបច្ចុប្បន្នហើយ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរបស់បក្សមួយនេះ។ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នាល្ងាចថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក Prawit Wongsuwan បានសម្រេចទទួលយកការអញ្ជើញ ឲ្យកាន់មុខដំណែងជាប្រមុខដឹកនាំគណបក្សស្នូល នៃរដ្ឋាភិបាលចម្រុះ នៅក្នុងជំនួបមួយជាមួយឥស្សរជនលេចធ្លោមកពីគណបក្សកាន់អំណាចជាច្រើនរូប រូមមានដូចជាលោក សុមសាក់ ថេបស៊ូធីន (Somsak Thepsuthin) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស៊ូរីយ៉ា ចងរុងរឿងឃីត (Suriya Juangroongruangkit) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជាដើម នៅឯគេដ្ឋានរបស់លោក កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។

លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បាននិយាយថា លោកនឹងទទួលយកតំណែងនេះ ដើម្បីដោះស្រាយជម្លោះនៅក្នុងបក្ស។ លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកគេត្រូវតែផ្សះផ្សាគ្នា»។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា នឹងត្រូវកាន់មុខដំណែងនេះយូរប៉ុនណានោះទេ។

ដោយឡែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក អ៊ុតថាម៉ា សាវ៉ាណាយ៉ាណា (Uttama Savanayana) ត្រូវបាត់បង់តំណែងជាប្រមុខដឹកនាំគណបក្ស Palang Pracharath ដោយស្វ័យប្រវត្តិ បន្ទាប់ពីភាគច្រើននៃសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃគណបក្សនេះ បានលាលែងពីមុខតំណែងកាលពីដើមខែនេះ៕