(ប៉េកាំង)៖ ប្រទេសចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ (Chongqing Zhifei) ចាប់ផ្តើមធ្វើការសាក់ល្បងវ៉ាក់សាំងទប់ស្កាត់ COVID-19 លើមនុស្ស ដែលពិភពលោកកំពុងទន្ទឹងរង់ចាំលទ្ធផលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម (Anhui Zhifei Longcom) និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពី រដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវ និងក្រុមហ៊ុនរបស់ចិន បាននិងកំពុងចាក់សាកល្បងវ៉ាក់សាំងនេះចំនួន ៦ដងលើមនុស្ស ខណៈវ៉ាក់សាំង ១២ប្រភេទផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការការសាកល្បងអំពីប្រសិទ្ធភាព នៅក្នុងដំណាក់កាលផ្សេងៗគា្ននៅជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានសម្លាប់មនុស្សជាង ៤៧០,០០០នាក់រួចទៅហើយ នៅទូទាំងពិភពលោក។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងប្រភេទណាមួយ អាចឆ្លងផុតដំណាក់ទី ៣ នៃការព្យាបាលសាកល្បង ដែលជាដំណាក់ចំបាច់ មុននឹងអាចឈានដល់ការធ្វើចរាចរណ៍លក់ទីផ្សារជាតិ និងអន្តរជាតិនោះឡើយ។ បច្ចុប្បន្នក្រុមហ៊ុនពីរ ដែលត្រូវបានគេមើលឃើញថា កំពុងធ្វើតេស្តវ៉ាក់សាំង COVID-19 ប្រកបដោយក្តីសង្ឃឹមខ្ពស់ជាងគេនោះគឺក្រុមហ៊ុន ម៉ូឌែណា (Moderna) របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ឃ្យួវ៉ាក់ (CureVac) របស់ប្រទេសអាល្លឺម៉ង់៕