(ញូដេលី)៖ មេបញ្ជាការយោធានៃប្រទេសចិន និងឥណ្ឌា ទើបតែបានឯកភាពគ្នា ថា កងកម្លាំងរៀងៗខ្លួននឹងត្រូវដកថយ ចេញពីតំបន់ ព្រំដែនដែលកំពុងមានជម្លោះ ដើម្បីកុំឲ្យមានការផ្ទុះអាវុធដាក់គ្នាជាថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយ CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។

សារព័ត៌មាន Reuters ដែលទទួលបានប្រភពពីរដ្ឋាភិបាលឥណ្ឌាឲ្យដឹងថា មន្ត្រីជាន់ខ្ពស់យោធាមកពីប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាអស់ពីរទៅបីម៉ោង កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីឈានទៅដកកងទ័ពរៀងៗខ្លួន ចេញពីចំណុចប្រឈមមុខគ្នា នៅតំបន់ព្រំដែនជម្លោះ ឡាដាក (Ladakh) នៃភាគខាងលិចជួរភ្នំហិម៉ាល័យ។

មន្ត្រីឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាក់កាលសម្រាប់ការដកទ័ព ចេញពីទីតាំងប្រឈមមុខគ្នានៅតំបន់ភាគខាងកើត Ladakh ត្រូវបានពិភាក្សា ហើយនឹងអនុវត្តដោយភាគីទាំងពីរ»

គួរបញ្ជាក់ថា ការផ្ទុះអាវុធមួយប្រាវបានកើតឡើងរវាងភាគីចិន និងឥណ្ឌា កាលពីថ្ងៃចន្ទសប្តាហ៍មុនបានបណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់ នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) គឺជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា៕