(វ៉ាស៊ីនតោន) ៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានស្នើសុំបណ្តាញសង្គមដូចជា Facebook និង Twitter ដើម្បីលុបសាររបស់ប្រធានាធីបតី នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដោយលើកឡើងថា ជាសារផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបំណងចង់បង្អាប់ ការបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសណីយ៍ (Mail in Voting)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក ត្រាំ បានបង្ហោះសារជាច្រើនដងកាលពីថ្ងៃចន្ទ ដោយបានបង្ហាញពាក្យរិះគន់ លើផែនការរៀបចំការបោះឆ្នោតតាមប្រអប់សំបុត្រតាមប្រៃសណីយ៍ ដែលគ្រោងនឹងអនុវត្តក្នុងរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយការព្រួយបារម្ភពីការឆ្លង COVID-19។ លោក ត្រាំ សរសេរក្នុងសាររបស់លោកថា «បើសិនជាមនុស្សអាចចេញទៅក្រៅ ដើម្បីធើ្វកុបកម្មវាយកម្ទេចហាង និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ពួកគេទាំងអស់នោះក៏អាចចេញទៅបោះឆ្នោតបានដែរ និងដើម្បីរក្សាភាពស្មោះត្រង់ក្នុងការបោះឆ្នោតរបស់យើង»

នៅក្នុងយុទ្ធនាការរបស់លោក បៃដិន បានលើកឡើងថា លោក ត្រាំ បានបង្ខំឲ្យពលរដ្ឋអាមេរិកជ្រើសរើស រវាងសិទ្ធិបោះឆ្នោតរបស់ពួកគេ និងការការពារសុខភាពរបស់ពួកគេពីការឆ្លង COVID-19។

បើតាមសម្ដីរបស់អ្នកគ្រប់គ្រងយុទ្ធនាការលោក បៃដិន តាមរយៈបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅក្នងថ្ងៃចន្ទសប្តាហ៍នេះ លោក បៃដិន បានបន្តការចោទប្រកាន់ទៅលើលោក ត្រាំ បន្ទាប់ពីការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលមានបំណង រិះគន់ទៅលើការបោះឆ្នោតតាមសារដាក់ក្នុងប្រអប់សំបុត្រ។ លោក បៃដិន ក៏បានបញ្ជាក់ផងដែរថា លោកបានផ្ញើលិខិតដើម្បីស្នើសុំក្រុមហ៊ុន Facebook និង Twitter ចាត់វិធានលុបចេញនូវព័ត៌មានក្លែងក្លាយទាំងអស់នេះ ដែលមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។

បើតាមអ្នកតំណាងរបស់ក្រុមហ៊ុន Facebook សាររបស់លោក ត្រាំ មិនបានរំលោភគោលការណ៍របស់ក្រុមហ៊ុននោះទេ ដូច្នេះក្រុមហ៊ុនបណ្តាញសង្គមធំជាងគេលើលោកមួយនេះ នឹងមិនអាចលុបសារទាំងនោះចេញឡើយ។ ចំណែកឯក្រុមហ៊ុន Twitter វិញ បានលើកឡើងស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុនបណ្តាញសង្គមនៅអាមេរិកត្រូវបានគេមើលឃើញថា គឺកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង កំឡុងពេលយុទ្ធនាការបោះឆ្នោតនេះ ក្នុងការចាត់វិធានការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ នៅលើបណ្តាញរបស់ពួកគេ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានប្រាប់សារព័ត៌មាន Politico ថា ការបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសណីយ៍អាចធ្វើឲ្យលោកបាត់បង់ឱកាស ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត។ លើសពីនេះទៀតកាលពីខែមីនា លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ផងដែរថា បើយើងយល់ស្របតាមការស្នើឲ្យមានការបោះឆ្នោតតាមរបៀបខាងលើនេះ នោះបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ នឹងទទួលបរាជ័យជាមិនខាន៕