(វ៉ាស៊ីនតោន)៖ សមាជិកពីរនាក់បន្ថែមទៀត នៃក្រុមរៀបចំយុទ្ធនាការបោះឆ្នោត​របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានចូលរួមរៀបចំការជួបជុំ ជាមួយអ្នកគាំទ្ររបស់លោកនៅឯទីក្រុង ធូលសា (Tulsa) នៃរដ្ឋ អូក្លាហូម៉ា (Oklahoma) កាលពីចុងសប្តាហ៍កន្លងទៅនេះ​ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោក ធីម មើថស់ (Tim Murtaugh) ដែលជាប្រធានផ្នែកទំនាក់ទំនង​នៃយុទ្ធនាការបានគូសបញ្ជាក់ថា បុគ្គលិកទាំង ០២នាក់ទៀតដែលជាសមាជិកក្រុមពិសេស សម្រាប់ការរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រ ពិតជាបានរកឃើញថា មានផ្ទុកជំងឺ COVID-19 ប្រាកដមែន។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ពួកគេទាំងពីរនាក់នោះ គឺបានពាក់ម៉ាសត្រឹមត្រូវណាស់ នៅក្នុងកំឡុងដែលពួកគេចូលរួមព្រឹត្តិការណ៍ខាងលើ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោក នៅឯទីក្រុង Tulsa នៃរដ្ឋ Oklahoma បើទោះបីជាអ្នកជំនាញផ្នែកសុខាភិបាល បានព្រមានពីហានីភ័យខ្ពស់​នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ។ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលកម្មវិធីជួបជុំខាងលើបានចាប់ផ្តើម សមាជិកនៃក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ចំនួន ០៦នាក់រួចស្រេចទៅហើយត្រូវបានគេរាយការណ៍ថា មានលទ្ធផលតេស្តវិជ្ជមានចំពោះ COVID-19៕