(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៣ករណីខាងលើនេះ គឺត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។ ចំណែកឯ ០៩ករណីទៀត ដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ (Gansu) ចំនួន ០៧ករណី ខណៈ ០២ករណីទៀតនៅខេត្តជាំងស៊ូ (Jiangsu) និងខេត្តសានស៊ី (Shaanxi) ចំនួនមួយករណីម្នាក់។

នៅក្នុងរបាយការណ៍តែមួយនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤២៥នាក់។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សុរប ៨៣,៤១៨ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ៕