(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថានឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត បើសិនជាវិសោធនកម្ម រដ្ឋធម្មនុញ្ញដែលអនុញ្ញាតឱ្យលោកធ្វើដូច្នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតប្រជាមតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

នៅក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ីបច្ចុប្បន្ន លោក ពូទីន ត្រូវតម្រូវឱ្យចុះចេញពីតំណែងនៅឆ្នាំ២០២៤ នៅពេលដែលលោកផុតអាណត្តិជាប្រធានាធិបតី។ ប៉ុន្តែ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ត្រូវបានគេរំពឹងថាអាចនឹងបើកផ្លូវឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទៀតសោត ត្រូវបានអនុម័តដោយសភា និងតុលាការកំពូលរុស្ស៊ីរួចហើយ នៅឡើយតែត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ ម្សិលមិញ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ ហើយខ្ញុំក៏មិនបានបដិសេធពីលទ្ធភាពដែលអាចទៅរួចនោះដែរ។ ពោលគឺបើសិនជា រដ្ឋធម្មនុញ្ញអនុញ្ញាត ឬផ្ដល់ឱកាស នោះយើងទាំងអស់គ្នានឹងបានឃើញ»

គួរបញ្ជាក់ថា រុស្ស៊ី នឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី០១ ខែកក្កដាក្រោយនេះ ហើយបើវាត្រូវបានអនុម័តមែន នោះលោក ពូទីន អាចនឹងចូលរួម ប្រកួតប្រជែងនៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤៕