(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកទី ២ នៃការឆ្លង COVID-19 ដែលបាននិងកំពុងរាតត្បាតខ្លាំង នៅក្នុងរដ្ឋធានីសេអ៊ូល ដោយសារតែពិធីបុណ្យមួយកាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃច័ន្ទ ទី ២២ ខែមិថុនា ឆ្នាំ ២០២០។

មជ្ឍមណ្ឌលជាតិគ្រប់គ្រង និង បង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) ធ្លាប់បញ្ជាក់ម្តងរួចទៅហើយថា រលកទី ១ មិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។ នៅក្នុងថ្ងៃចន្ទនេះ នាយករបស់មជ្ឍមណ្ឌលជាតិគ្រប់គ្រង និង បង្ការជំងឺឆ្លងលោកស្រី ជឹង អ៊ុនគ្យុង (Jeong Eun Kyeong) បាននិយាយថា ពិធីបុណ្យកាលពីដើមខែមុន គឺជាការចាប់ផ្តើមនៃរលកថ្មី (រលកទី ២) នៃការឆ្លង COVID-19 ដែលបានផ្ទុះឡើងក្នុងតំបន់ទីប្រជុំជននៅសេអ៊ូល។

គួរបញ្ជាក់ថា រលកទី ១ នៃការឆ្លង COVID-19 គឺចាប់ផ្តើមពីខែកុម្ភៈ ដល់ខែមេសា និងរលកទី ២ កើតឡើងដោយសារពិធីបុណ្យក្នុងខែឧសភា។ គិតត្រឹមថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 សរុប ១២,៤៣៨ករណី ក្នុងនោះស្លាប់ ២៨០នាក់ និងជាសះស្បើយឡើងវិញ ១០,៨៨១នាក់៕