(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃសេតវិមានលោក ភីតធើ ណាវ៉ារ៉ូ (Peter Navarro) បានលើកឡើងថា រូបលោកផ្ទាល់ក៏បានអង្គុយក្នុងបន្ទប់តែមួយ នៃជំនួបរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង កាលពីពេលកន្លងទៅនេះដែរ ប៉ុន្តែលោកមិនដែលបានស្តាប់លឺលោក ត្រាំ ស្នើឲ្យចិនជួយលោកដើម្បីឈ្នះឆ្នោតមួយអាណត្តិទៀត ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ នេះបើតាមការចុះផ្សាយ​ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក Navarro បានប្រាប់ទូរសទ្សន៍ CNN យ៉ាងដូច្នេះថា «ខ្ញុំមិនដែលបានស្តាប់លឺ (លោក ត្រាំ ស្នើសុំជំនួយពីចិនដើម្បីបានឈ្នះឆ្នោតនោះទេ)។ ខ្ញុំក៏នៅក្នុងបន្ទប់នោះដែរ»

មិនតែប៉ុណ្ណោះទីប្រឹក្សារូបនេះ បានសង្កត់ធ្ងន់ទៀតថា ការចោទប្រកាន់ដែលបានផ្ទុះឡើង​នៅក្នុងសៀវភៅមួយរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន (John Bolton) មកលើរូបលោកប្រធានាធិបតី គឺជារឿង​ «ឆ្កួតសុទ្ធ» ដ្បិតថាទំនាក់ទំនងរវាងលោកប្រធានាធិបតី ត្រាំ និងចិនគឺមានភាពតានតឹងនឹងគ្នាខ្លាំងណាស់ ទាំងវិស័យពាណិជ្ជកម្ម និងកាទូត។

គួរជម្រាប លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះតែម្តង បើទោះបីជាមានការរារាំងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ ក្នុងសៀវភៅនោះ លោក Bolton បានទម្លាយរឿងអាស្រូវជាច្រើនរបស់លោក ត្រាំ ក្នុងចំណោមនោះលោកបានចោទប្រកាន់​ប្រធានាធិបតីរូបនេះថា ធ្វើនយោបាយបម្រើតែប្រយោជន៍ផ្ទាល់ខ្លួន តួយ៉ាងដូចជាស្នើសុំចិនឲ្យលោក​ជាប់ឆ្នោតម្តងទៀតជាដើម៕