(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៤,៨២១នាក់ និងអ្នកស្លាប់ ៤៤៥នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៤២៥,២៨២ករណី ក្នុងនោះអ្នកជំងឺ ១៣,៦៩៩នាក់ស្លាប់បាត់បង់ជីវិត និង ២៣៧,១៩៦ នាក់បានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៧៤,៣៨៧នាក់។

នារយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌាក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង។ ចំណែកឯករណីស្លាប់វិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត៕